(ភ្នំពេញ)៖ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ផ្តួចផ្តើម និងដឹកនាំរៀបចំ ដោយក្រសួងបរិស្ថាន ដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូ ក្នុងកិច្ចការអភិរក្សធនធាន ធម្មជាតិ នឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ និងប្រព្រឹត្តទៅរយៈពេល៦ខែ នៅ ក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។
នេះគឺជាការប្រកាសឲ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុង សន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ ម្សិលមិញនៅទីស្តីការក្រសួង បរិស្ថានដែលមានការចូលរួមពីតំណាងអង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារ សហរដ្ឋ អាមេរិកសម្រាប់អភិវឌ្ឍអននតរជាតិ (USAID Green Prey Lang)។
ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងថា ការបើកយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនា ស្របពេល ដែលពិភពលោក ប្រារព្ធទិវាសត្វព្រៃពិភពលោកផងដែរ និងមានគោលបំណងសំខាន់រួមមាន ការ ផ្សព្វផ្សាយអប់រំអំពី ផលប៉ះពាល់ ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការ អនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ឲ្យបង្កើនការប្រតិបត្តិ មេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃ ជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ ការជួញ ដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។
ឯកឧត្តម រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ស្ថានភាពនៃ ការការពារនិងអភិរក្សធនធាន ធម្មជាតិ ដែលជាទីជម្រករបស់ សត្វព្រៃនៅកម្ពុជា មានភាពល្អប្រសើរ ដែលបានផ្តល់ជាជម្រក សម្រាប់សត្វព្រៃ និងជាប្រភពទឹក និងចំណីរបស់សត្វព្រៃ តែអ្វីដែលយើងត្រូវគិតគូរបន្ថែមទៀត គឺធ្វើឲ្យតំបន់ការពារធម្មជាតិ កាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះផ្សេង ទៀត។ លោកបានថ្លែងថា អន្ទាក់គឺកត្តាដែលគំរាមកំហែង ខ្លាំងចំពោះសត្វព្រៃ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១ មានចំនួន ៦១៦១១ អន្ទាក់ កើនឡើងប្រមាណជាង២០% បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅ ឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ លោកបានថ្លែងថា អន្ទាក់ដែលត្រូវបានដោះចេញ អន្ទាក់ជាឃាតកលាក់មុខដែលបន្តសម្លាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ព្រោះមាន ប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទគ្រោះថ្នាក់ផ្សេងៗទៀត។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការ អន្ទាក់សូន្យនឹងជាផ្នែកមួយនៃការជួយបញ្ជ្រាបការ យល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយចំនួនអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះដែរ លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារ ធម្មជាតិ នៃក្រសួងបរិស្ថាន បានថ្លែងថា ក្នុងយុទ្ធនាការនេះសំដៅធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋតាម មូលដ្ឋានដែលមានទម្លាប់ដាក់អន្ទាក់ចាប់សត្វព្រៃ ឲ្យងាកមកគោរពច្បាប់ និងឲ្យពួកគាត់យល់ពី តម្លៃសត្វព្រៃ ហើយរួមគ្នាមកចូលរួមអភិរក្សសត្វព្រៃ ដែលជាសត្វមានតម្លៃមហាសាលមិនអាចកាត់ ថ្លៃបានជាសាកល។
លោកបានថ្លែងថា កម្ពុជាមានច្បាប់សម្រាប់ដាក់ទោសវិន័យ ហើយនិងសម្រាប់បទល្មើសដាក់អន្ទាក់ គឺជាច្បាប់ល្មើសធនធានធម្មជាតិថ្នាក់លេខ៣ ដែលក្នុងនេះ មានទាំងការផាកពិន័យ និងទោសទណ្ឌ ដោយក្នុងនេះអាចប្រឈមនឹងជាប់ពន្ធនាគារពី១-៥ឆ្នាំ និងពិន័យជាប្រាក់ពី១៥លាន ដល់១៥០ លានរៀល។
លោកបានថ្លែងថា ក្នុងយុទ្ធនាការនេះគឺយើងនឹងរួមគ្នាធ្វើឡើងរយៈពេល៦ខែ ហើយក្នុងអំឡុង ពេលនេះ យើងនឹងឲ្យអាជ្ញាធរមូលដ្ឋាន និងសហគមន៍រួមគ្នាទប់ស្កាត់ ក៏ដូចជាអប់រំផ្សព្វផ្សាយ ឲ្យពួកគាត់យល់ច្បាស់ពីច្បាប់ ពីទោសទណ្ឌនិងរួមទាំងតម្លៃរបស់សត្វព្រៃ។
ជាមួយគ្នានេះលោក សេង ទៀក ប្រធានអង្គការ WWF បានឲ្យដឹងថា បច្ចុប្បន្នអន្ទាក់ដែលត្រូវ បានគេដោះ នៅតាមតំបន់ការពារធម្មជាតិ បានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ហើយចំនួន៨០ភាគ រយទៀតមិនទាន់បានដោះដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានានៅប្រទេសកម្ពុជា។
ប្រធានអង្គការ WWF រូបនេះ បានលើកឡើងដោយបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០ នៅតាបន់អាស៊ីអាគ្នេយ៍ មានអន្ទាក់ប្រមាណ១២លានអន្ទាក់ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃ និងកម្ពុជា ដែលកំពុងគំរាមកំហែងសត្វព្រៃ។ ដោយអន្ទាក់ទាំងនេះ គឺជាដើម ចមធ្វើឲ្យបាត់បង់នូវសត្វកម្រៗ ក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។
ប្រធានអង្គការរូបនេះ ចង់ឲ្យស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ចំពោះជនល្មើសសម្លាប់សត្វព្រៃកម្រ ក៏ដូច ជាភោជនីយដ្ឋាន ឬតំបន់នានាដែលបានជួញដូរសត្វព្រៃ ដែលទាំងនេះសំដៅធ្វើយ៉ាងណា ការពារ សត្វព្រៃកម្ពុជា មិនឲ្យបាត់បង់ពូជនៅថ្ងៃខាងមុខ៕