កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ក្រោមប្រធានបទ «លើកកម្ពស់ សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអាស៊ាន ណាប៉ូលលើកទី៤០ ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរ ភាពជានិរន្ត»។

សន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារសុខា ដែលមានការចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ប្រធានគណៈប្រតិភូនគរបាលនៃប្រទេសជាសមាជិក អាស៊ាន ប្រទេស និងស្ថាប័នដៃគូពិភាក្សា អ្នកសង្កេតការណ៍ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃ ប្រទេសសមាជិកអាស៊ានប្រចាំនៅកម្ពុជា ព្រមទាំងអង្គពិធីមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា សន្និសីទអាស៊ានណាប៉ូលលើក ទី៤០ដែលប្រារព្ធឡើងនេះគឺជាវេទិកាជួបជុំជាប្រពៃណីប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំកងកម្លាំងនគរបាល នៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។

នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា នគរបាលកម្ពុជា ត្រូវបានប្រគល់តួនាទីឲ្យធ្វើ ជាម្ចាស់ផ្ទះនៃសន្និសីទ អាស៊ានណាប៉ូលលើកទី៤០ កាលពីឆ្នាំ២០២០ ប៉ុន្តែត្រូវខកខានរយៈពេល ២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយថានគរបាលកម្ពុជានាពេលនេះ ពិតជាមាន សេចក្តីរីករាយដែលអាចរៀបចំសន្និសីទនេះដោយផ្ទាល់ស្របពេលកម្ពុជា និងបណ្ដាប្រទេសនានា បានបើកឲ្យដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ។

នាយឧត្តមសេនីយ៍ អគ្គស្នងការ បានបន្តថា សន្និសីទអាស៊ានណាប៉ូលមានសារៈសំខាន់សម្រាប់ ការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូ និងភាពខ្លាំងក្នុងកិច្ចសហប្រតិបត្តិការ និងការ ជួយគ្នាទៅវិញទៅមកពិសេសក្នុងសភាពការណ៍បច្ចុប្បន្នដែលត្រូវការការលើកកម្ពស់សុខភាពសាធារណៈជាសកល សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

នាយឧត្តមសេនីយ៍ បានចាត់ទុកវត្តមានអង្គពិធីនាឱកាសនេះ ថាជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីជំហរយ៉ាង រឹងមាំប្រកបដោយទស្សនៈសុទិដ្ឋិនិយម ក្នុងការចូលរួមចំណែកស្វែងរកយុទ្ធសាស្ត្រ វិធីសាស្ត្រ និង វិធានការមានសក្តានុពលដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព ការពារផល ប្រយោជន៍ និងភាពសុខដុម រមនាជូនប្រជាពលរដ្ឋ ធានាស្ថិរភាព និងសុវត្ថិភាពសង្គមយូរ អង្វែង ក្នុងតំបន់។ ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានហៅការរៀបចំសន្និសីទអាស៊ាន ណាប៉ូលលើកទី៤០ នាឆ្នាំ២០២២នេះ ថាជាការបើកទំព័រថ្មីសម្រាប់កងកម្លាំងនគរបាលនៃប្រទេស ជាសមាជិកអាស៊ាន ដ្បិតព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើង ក្នុងខណៈពេលពិភពលោកទាំងមូល និយាយជារួម និងដោយឡែកតំបន់អាស៊ាន កំពុងខិតខំរើបម្រាសខ្លួនចេញពីការគំរាមកំហែងប្រកប ដោយហានិភ័យ នៃជំងឺកូវីដ-១៩ ឆ្ពោះទៅកាន់គន្លងប្រក្រតីថ្មី ដើម្បីវិបុលភាព និងការរីកចម្រើន។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា កងកម្លាំងនគរបាល នៃប្រទេសសមាជិកអាស៊ាន មាន ភារកិច្ចជាចាំបាច់ក្នុងការបង្កើតនូវបរិស្ថានសន្តិសុខគាប់ប្រសើរ ជាបង្អែកយ៉ាងរឹងមាំក្នុងការគាំពារ ដល់កិច្ចដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យនិងពង្រឹងពង្រីកវិសាលភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្តរតំបន់ សំដៅជួយគ្នាទៅវិញទៅមក ដោះស្រាយបញ្ហា ប្រឈមនានា បង្កើតបាននូវវប្បធម៌រួបរួមគ្នា ប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃបទឧក្រិដ្ឋឆ្លងដែនគ្រប់ ប្រភេទ និងប្រកៀកស្មាគ្នាដោយគ្មានការរើសអើងតស៊ូទប់ទល់នឹងកូវីដ-១៩។

ក្នុងស្មារតីបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការអាស៊ានឲ្យកាន់តែប្រសើរឡើង ក៏ដូចជាការគាំទ្រ លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងនានាស្របតាមខ្លឹមសារនៃប្រធានបទអាស៊ានណាប៉ូលលើកទី៤០ សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍ មួយចំនួនទៅកាន់អង្គពិធី ពាក់ព័ន្ធនឹងការអនុវត្តសេច ក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៣៩ ព្រមទាំងបន្តពិភាក្សា រិះរកនូវវិធានការ គន្លឹះនានា ដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមរបស់សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដើម្បី ធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់រួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងគ្រប់ទម្រង់ ថ្មីៗ។ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ការលើកទឹកចិត្តអាស៊ានណាប៉ូល បន្តពង្រីកទំនាក់ ទំនង បង្កើតបន្ថែមទៀតនូវដៃគូសន្ទនា សំដៅប្រមូលផ្តុំនូវថាមពលគាំទ្រធ្វើឱ្យសហគមន៍អាស៊ាន កាន់តែរឹងមាំ និងលេចធ្លោប្រកបដោយកិត្យានុភាព។ សម្ដេចក៏បានណែនាំគណៈកម្មការជំនាញនីមួយៗ គប្បីរិះរកនូវមធ្យោបាយ ឬវិធីសាស្ត្រគន្លឹះសំដៅ លើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ តាមគ្រប់ទម្រង់ និង គ្រប់រូបភាព ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសង្គម ក្នុងនោះក៏មានការស្វែងរកវិធីសាស្ត្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន នៅក្រោយ បញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ សម្ដេចបានផ្ដល់អនុសាសន៍ឲ្យអាស៊ានណាប៉ូល យកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហ ការជាមួយដៃគូពិភាក្សា ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងធនធានមនុស្ស បង្កើតឱ្យបាន នូវតុល្យភាពរវាងដៃគូសហប្រតិបត្តិការអនុវត្តច្បាប់ទាំងក្នុង និងក្រៅតំបន់ ដោយមានផែនការ បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងកងកម្លាំងអនុវត្តច្បាប់ខណៈ សមត្ថភាពជំនាញវិជ្ជាជីវៈ រវាងកងកម្លាំងអនុវត្តនៃបណ្ដាប្រទេសអាស៊ានណាប៉ូល នៅមិនទាន់មាន តុល្យភាព ធ្វើឲ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅមានកម្រិត៕