អូស្ត្រាលីប្រកាសដាក់ទណ្ឌកម្មលើវិស័យយោធា និងធនាគាររុស្ស៉ី ក្រោយការវាយលុកអ៊ុយក្រែន កើតឡើងនៅថ្ងៃព្រហស្បត៍នេះ

 (ស៊ីដនី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បាន ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា អូស្ត្រាលីនឹងពង្រីកទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើរុស្ស៊ី បន្ទាប់ពីការវាយ លុកចូលអ៊ុយក្រែន, ដោយក្នុងនោះ មន្ត្រីយោធារុស្ស៊ីចំនួន ២៥នាក់, ក្រុមហ៊ុនបច្ចេកវិទ្យាអាវុធ រុស្ស៊ីចំនួន ៤ និងធនាគាររុស្ស៊ីចំនួន ៤ ត្រូវដាក់ទៅក្នុងបញ្ជីទណ្ឌកម្មរបស់អូស្ត្រាលី។

លោក Morrison បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីថា នឹងមានចរន្តនៃការដាក់ទណ្ឌកម្ម បន្ថែមទៀត រួមទាំងទៅលើសមាជិកសភារុស្ស៊ី ទាំងជាង ៣០០នាក់ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា «យើងត្រូវតែធានាថា នឹងមានការតបស្នងចំពោះអំពើហិង្សា ដែលមិនអាចទទួលយកបាន និងធ្ងន់ធ្ងរ (របស់រុស្ស៊ី) នេះ»

សូមបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ អូស្ត្រាលីបានប្រកាសនៅក្នុងកិច្ចប្រជុំ ជាមួយសម្ព័ន្ធមិត្ត លោកខាងលិចថា ការដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីនានា ដែលខ្លួនជឿជាក់ថា ជាអ្នកទទួលខុស ត្រូវចំពោះសកម្មភាពរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន គឺស្ថិតក្នុងកញ្ចប់ទណ្ឌកម្ម ដែលត្រូវបាន ត្រៀមទុករួចជាស្រេចហើយ។ អូស្ត្រាលីក៏បានត្រៀមខ្លួន ដើម្បីទប់ទល់ការវាយប្រហារតាមប្រព័ន្ធ អ៊ីនធើណិត ពីសំណាក់រុស្ស៊ីផងដែរ៕