(ព្រះសីហនុ)៖ ដោយសារតែបញ្ហាអាកាសធាតុ និងទឹករលកមានកម្ពស់ខ្ពស់ ខ្យល់កន្ដ្រាក់នោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវ នាវដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលត្រូវធ្វើដំណើរតាមផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្នឲ្យ បានខ្ពស់បំផុត។
ឯកឧត្តម គួច ចំរើន ក៏បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ដែលប្រចាំ ការត្រួតពិនិត្យការធ្វើដំណើរតាមផ្លូវទឹកនេះត្រូវពិនិត្យសម្ភារសង្គ្រោះនៅលើមធ្យោបាយនោះឲ្យបានគ្រប់គ្រាន់ ទើបអនុញ្ញាតឲ្យធ្វើដំណើរ ព្រោះខ្លាចក្រែងមានបញ្ហាណាមួយកើតឡើង ហើយមិនមាន សម្ភារដើម្បីសង្គ្រោះប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ទៀតថា អាជ្ញាធរ និងមន្ដ្រីជំនាញ ត្រូវយកចិត្ដដាក់ឲ្យបាន ខ្ពស់បំផុត ក្នុងការតាមដានកម្ពស់ទឹករលក ឬខ្យល់ដែលបោកបក់ ក្នុងករណីខ្យល់ខ្លាំង ហើយរលក មានកម្ពស់ៗពេក ដែលលំបាក ឬមានហានិភ័យក្នុងការធ្វើដំណើរ ត្រូវហាមឃាត់ភ្លាមៗមិនឲ្យ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរធ្វើដំណើរជាដាច់ខាត។
ដោយឡែក ពាក់ព័ន្ធប្រជានេសាទអាជ្ញាធរត្រូវជូនដំណឹងអំពីព័ត៌មាននេះ ទៅតាមសហគមន៍នេ សាទ ឬក្រុមគ្រួសារប្រជានេសាទ ដើម្បីបានដំណឹងនេះបញ្ជូនទៅដល់អ្នកដែលកំពុងស្ថិតនៅ លំហសមុទ្រ ឆ្នេរកោះនានា ដែលរងនូវខ្យល់ខ្លាំងនាពេលនេះ ឲ្យមានការប្រុងប្រយ័ត្ន ឬរំលិកទៅ កាន់កន្លែងដែលមានសមត្ថកិច្ច។ ក្នុងនោះ អ្នកដែលមិនទាន់បានចេញដំណើរត្រូវផ្អាកមួយរយៈ ពេលសិន។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញ សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍នៃការជូនដំណឹងនេះ ព្រះរាជាណាចក្រ កម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី
២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C
* អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕