(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ជាង១០ខ្នងផ្ទះ និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង រួម ទាំងម៉ូតូ២គ្រឿង តែមិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍បានកើតឡើងនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅ ចំណុចផ្លូវបេតុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង អន្ដរាគមន៍ សង្គ្រោះ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៧ឡាន និងរថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់ ៩ឡាន។
លោកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់ រងរបួសឡើយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ បានឆេះបំផ្លាញអស់ផ្ទះ១៣ខ្នងផ្ទះ និងម៉ូតូ២គ្រឿង។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងបាននៅ វេលាម៉ោង២៖១៥នាទីទៀបភ្លឺ។ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាល មកពីការឆ្លងចរន្តអគ្គីសនី៕