អឺរ៉ុប ព្រមានយន្ដហោះស៊ីវិលទាំងអស់ កុំហោះក្បែរប្រទេសអ៊ុយក្រែន


 (ប៉ារីស)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) នៅ ថ្ងៃព្រហស្បតិ៍នេះបានព្រមានយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ស៊ីវិលទាំងអស់ កុំហោះហើរ ពីលើដែនអាកាសក្បែរប្រទេសអ៊ុយក្រែន ហើយត្រូវប្រុងប្រយ័ត្នជាទីបំផុត ជាមួយការធ្វើប្រតិបត្តិការ ហោះហើរនៅ ចម្ងាយ ១៨៥គីឡូម៉ែត្រ ពីព្រំដែនបេឡារុស-អ៊ុយក្រែន និងព្រំដែនរុស្ស៊ី-អ៊ុយក្រែន។

ការព្រមានខាងលើរបស់ EASA ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាស ធ្វើប្រតិបត្តិការយោធានៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលទីក្រុងកៀវ ចោទរុស្ស៊ី ថា «កំពុងបើការឈ្លានពានយ៉ាងពេញលេញ» មកលើកប្រទេសអ៊ុយក្រែនតែម្តង ខណៈ សំឡេងផ្ទុះ និងស្នូរកាំភ្លើង ត្រូវបានលាន់ឮនៅតាមទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងនោះរួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ។

ស្នូរកាំភ្លើងត្រូវបានលាន់លឺ នៅព្រលានយន្តហោះ បូរីស្ពីល (Boryspil) ដ៏សំខាន់បំផុតរបស់រដ្ឋធានី កៀវ ភ្លាមៗប៉ុណ្ណោះបន្ទាប់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសដាក់ចេញនូវ «ប្រតិ បត្តិការយោធា» ចូលទៅក្នុងតំបន់ ដុនបាស (Donbass) នៃភាគខាងកើតអ៊ុយក្រែន ដែលមាន តំបន់ផ្តាច់ខ្លួនចំនួន ២ គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួល ស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។

គិតត្រឹមពេលនេះ, មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់អំពីចំនួនមនុស្សស្លាប់ ឬរងរបួសដែល អាចកើតមាននៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃអ៊ុយក្រែន បានបង្ហើបឲ្យដឹងនៅព្រឹក ថ្ងៃព្រហស្បតិ៍នេះថា ការភ័យខ្លាចជាយូរមកហើយ អំពីការឈ្លានពានទ្រង់ទ្រាយធំដោយរុស្ស៊ីនោះ បានចាប់ផ្តើមក្លាយជាការពិតហើយ៕