(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងជួបពិភាក្សាការងារ។
ពិធីទទួលស្វាគមន៍ និងពិភាក្សាការងារនេះ នឹងធ្វើឡើងនីវិមានសន្តិភាព។ បន្ទាប់ពីជំនួបពិភាក្សា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមានធ្វើសន្និសីទព័ត៌មានរួមគ្នាផង ដែរ។ បើតាមក្រសួងការបរទេសកម្ពុជា បានអះអាងថា ជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងលោកដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិ និងសន្តិ សុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផង ដែរ។ លោក ដាតុ ស្រ៊ី អ៊ីស្មាអែល ប៊ីន យ៉ាកុប ធ្លាប់បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រួចម្តងផងដែរ។
សូមបញ្ជាក់ថា លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេស កម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការ អញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ។
យោងតាមក្រសួងការបរទេស បានអះអាងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជានេះ លោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ហើយលោកក៏នឹងអញ្ជើញចូលជួប សម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គ ហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅ មណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ក្រសួងការបរទេស បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ខណៈឆ្នាំ២០២២ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ដ៏មាន សារសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដែល មានស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ ទៅវិញទៅមកនៃប្រទេសទាំងពីរ៕