អ៊ុយក្រែនសម្រេចប្រកាសអាសន្ន និងប្រាប់ពលរដ្ឋខ្លួននៅរុស្ស៉ី ឲ្យប្រញាប់ត្រឡប់មកប្រទេស កំណើតវិញ


 (កៀវ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា ប្រទេសអ៊ុយក្រែនបានសម្រេចប្រកាសអាសន្នហើយ នៅថ្ងៃពុធ សប្តាហ៍នេះ (ម៉ោងនៅទី ក្រុងកៀវ) និងបានណែនាំពលរដ្ឋខ្លួនទាំងអស់ ដែលកំពុងស្នាក់នៅក្នុង ប្រទេសរុស្ស៊ី ត្រូវប្រញាប់ ត្រឡប់មកកាន់ប្រទេសកំណើតវិញ។

ភាពតានតឹងបាននិងកំពុងកើនឡើងរឹតតែខ្លាំង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានសម្រេចទទួលស្គាល់តំបន់ផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើត អ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជារដ្ឋឯករាជ្យ ហើយក៏បានបញ្ជា ឲ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ទាំងពីរនោះ ដើម្បីថែរក្សាសន្តិភាពផងដែរ។

បើតាមប្រភពដែល Reuters ទទួលបាន គេឃើញរថក្រោះរុស្ស៊ីចំនួន ៩គ្រឿង បានចល័តពីទឹក ដីរុស្ស៊ី ចូលទៅកាន់តំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ ទោះជាបែបនេះក្តី មិនទាន់មាន នរណាអាចដឹងច្បាស់ថា តើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នឹងអាចបើកការវាយលុក ទ្រង់ ទ្រាយធំ លើប្រទេសអ៊ុយក្រែនដែរ ឬមួយក៏យ៉ាងណានោះឡើយ ខណៈកងទ័ពរុស្ស៊ីជិត ២០០,០០០នាក់ហើយ កំពុងមានវត្តមាននៅកៀកព្រំដែនអ៊ុយក្រែនស្រាប់។

យ៉ាងណាក៏ដោយ មន្ត្រីនៃក្រសួងការពារជាតិអាមេរិកបានចេញមុខអះអាងថា កងទ័ពរុស្ស៊ី គឺត្រៀម ខ្លួនរួចជាស្រេចទៅហើយ សម្រាប់វាយប្រហារអ៊ុយក្រែន។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បានថ្លែងថា ការស្មានអំពីជំហានបន្ទាប់ របស់រុស្ស៊ី ឬការសម្រេចចិត្តរបស់ក្រុមបំបែកខ្លួន និងប្រធានាធិបតីរុស្ស៊ីនោះ គឺជាប្រការមួយដែល លោកមិនអាចនិយាយបាន៕