កម្ពុជា-តួកគី ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ


 (តួកគី)៖ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ (កបទ.សអ)កម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEIK) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់ ឯកឧត្តម ប្រាក់ ផល្លា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាតំណាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក សន ច័ន្ទរិទ្ធី តំណាងលោក ប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សា ទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី សរុបប្រមាណជាង ២០នាក់។

កិច្ចពិភាក្សានេះ ផ្តោតលើប្រធានបទសំខាន់មួយចំនួនដូចជា ការផ្សព្វផ្សាយច្បាប់វិនិយោគថ្មីរបស់ កម្ពុជា ការលើកកម្ពស់ពាណិជ្ជកម្ម និងការជំរុញវិស័យទេសចរណ៍ និងវប្បធម៌។

គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា តាមរយៈច្បាប់វិនិយោគថ្មីដែលមានភាពអនុគ្រោះច្រើន ពង្រីកឱកាសទីផ្សាររបស់កម្ពុជា តាមរយៈអនុវត្តកិច្ចព្រមព្រៀងសេរីទ្វេភាគី និងពហុភាគី និងការ ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា តាមរយៈវិធានការនានារបស់រាជរដ្ឋាភិបាល រួមមានការបើក ទទួលទេសចរណ៍វ៉ាក់សាំង បន្ទាប់ពីជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងដែលកម្ពុជា សម្រេចបាន ជិត ៩០% នៃចំនួនប្រជាជនសរុប និងកម្មវិធីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពូជាក្នុងនិង ក្រោយវិបត្តិជំងឺកូវីដ-១៩ព្រមទាំងជំរុញការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្រោយកិច្ចប្រជុំបានបញ្ចប់គណប្រតិភូក៏បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងសភាពាណិជ្ជកម្មតួកគី ដើម្បីរឹតចំណងមិត្តភាព ជាពិសេសក្នុងឱកាសខួបលើកទី ៦៣ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីផងដែរ៕