តៃវ៉ាន់កំពុងភ័យបុកពោះ ពេលឃើញស្ថានការណ៍នៅអ៊ុយក្រែន


 (តៃប៉ិ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា មន្ត្រីរដ្ឋាភិបាលកោះតៃវ៉ាន់ ដែលចិនចាត់ទុកត្រឹមតែជា តំបន់ មួយរបស់ខ្លួននោះបានបង្ហើបឲ្យដឹងថា ពួកគេកំពុងមានការភ័យខ្លាច ក្រែងលោទីក្រុងប៉េកាំង ងាក មកច្បាមយកឱកាស នៃការវីវក់របស់ប្រទេសលោកខាងលិច ទៅលើស្ថានការណ៍ក្តៅគគុកនៅអ៊ុយ ក្រែន ដើម្បីដាក់សម្ពាធបន្ថែមទៀតលើដែនកោះនេះ។

យ៉ាងណាក៏ដោយ មន្ត្រីតៃវ៉ាន់ដដែលបានបង្ហើបឲ្យដឹងទៀតថា អាជ្ញាធរកោះនេះមិនបានអង្កេត ឃើញ សកម្មភាពមិនប្រក្រតីណាមួយ នៃកងកម្លាំងយោធាចិននោះឡើយ។ ជារៀងរាល់ពេល កោះ តៃវ៉ាន់តែងតែតាមដាន ចំពោះសកម្មភាពនានារបស់យោធាចិន ជាពិសេសកងទ័ពជើងអាកាសចិន ខណៈកាលពីឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះត្រូវបានចាត់ទុកថា ជាឆ្នាំដែលចិនបានបញ្ជូនយន្តហោះ ចម្បាំង ហោះឆ្វែលកោះនេះច្រើនលើកបំផុត និងបានបង្កទៅជាភាពតានតឹងខ្លាំង មិនធ្លាប់មានក្នុង រយៈពេល ៤០ឆ្នាំផងដែរ។

ដោយឡែកនៅថ្ងៃពុធនេះ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានថ្លែង ប្រាប់នៅក្នុងកិច្ចប្រជុំ នៃក្រុមការងារពិសេសមួយថា កោះតៃវ៉ាន់ត្រូវតែបង្កើនការឃ្លាំមើល និងប្រុង ប្រយ័ត្នរបស់ខ្លួន លើកសកម្មភាពយោធានៅក្នុងតំបន់ និងដោះស្រាយផងដែរ ចំពោះការផ្សព្វផ្សាយ ព័ត៌មានមិនពិតពីបរទេស។ ទោះជាយ៉ាងណា, លោកស្រីមិនបានរំលេចឈ្មោះប្រទេស «ចិន» នៅក្នុងកិច្ចប្រជុំនោះឡើយ៕