អភិបាលខេត្តកំពត ចុះដោះស្រាយជម្លោះផ្លូវធ្វើដំណើរ របស់ពលរដ្ឋពីរគ្រួសារទាំងយប់


(កំពត)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ បានចុះទៅដោះស្រាយជម្លោះផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋពីរគ្រួសារស្ថិតនៅក្នុងភូមិ-ឃុំកំពង់ គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ ការស្វះស្វែងរកដំណោះស្រាយរបស់លោកអភិបាលលើជម្លោះរបស់ប្រជាពលរដ្ឋទាំងយប់នេះ នាំឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងខ្លាំងចំពោះទឹកចិត្តរបស់លោកអភិបាលខេត្ត។

ព័ត៌មានពីអាជ្ញាធរបានឱ្យដឹងថា ជម្លោះដីផ្លូវធ្វើដំណើរនេះកើតមានរវាងលោកស្រី មីន កុអាន់ណា និងលោកស្រី ហាក់ លីណា។ អាជ្ញាធរ បានរៀបរាប់ពីដំណើររឿងនេះថា ដីមានជម្លោះផ្លូវនេះ ដើម ឡើយជាដីរបស់ឈ្មោះ Hallam Katie Goad ដោយមានរបងជាប់ជាមួយម្ចាស់ដីឈ្មោះ វាសនា ឈុន ដែលជាស្វាមីរបស់លោកស្រី ហាក់ លីណា។

បើយោងតាមលិខិតមួយច្បាប់ដែលជាកិច្ចព្រមព្រៀងធ្វើឡើងនៅឆ្នាំ២០០៨ រវាងលោក Hallam Katie Goad និងលោក វាសនា ឈុន បានបញ្ជាក់ថា ដីដែលជាប់របងគ្នាទាំងពីរនេះមិនមាន ផ្លូវសម្រាប់ប្រើប្រាស់រួមគ្នានោះឡើយ។ ក្នុងនោះលោក វាសនា ឈុន បានស្នើសុំផ្លូវនៅលើដីរបស់ លោក Hallam Katie Goad ដើម្បីធ្វើដំណើរចូលទៅដីរបស់ខ្លួន។

លុះនៅក្នុងអំឡុងឆ្នាំ២០១៨ លោកស្រី មីន កុអាន់ណា បានទិញដីនៅទីតាំងខាងលើពីលោក Hallam Katie Goad ហើយបានពង្រីកផ្លូវនេះបន្ថែមសម្រាប់ធ្វើដំណើរចូលដីនេះ ឱ្យកាន់តែងាយ ស្រួល មានប្រវែងជាង ១៤០ម៉ែត្រ ហើយប្រើប្រាស់រួមគ្នាជាមួយម្ចាស់ដីម្ខាងទៀតរហូតមក។

ស្រាប់តែពេលថ្មីៗនេះ លោកស្រី មីន កុអាន់ណា ដោយមិនចង់ឱ្យមានការធ្វើដំណើរកាត់មុខផ្ទះ របស់ខ្លួនទើបសាងសង់សម្រាប់រស់នៅនោះ លោកស្រី បានបិទផ្លូវនេះប្រវែងជាង ៤០ម៉ែត្រ ដែលជាផ្លូវចូលទៅខាងក្រោយដី ហើយរក្សាផ្លូវចូលពីខាងមុខសម្រាប់ការប្រើប្រាស់រួមដដែល។ ចំពោះការបិទផ្លូវប្រវែងប្រមាណ ៤០ម៉ែត្រនេះ ក៏មិនបានប៉ះពាល់ដល់ការធ្វើដំណើរចូលទៅដីរបស់ លោកស្រី ហាក់ លីណា នោះដែរ ព្រោះថាផ្លូវពីខាងមុខដែលរក្សានោះ គឺអាចធ្វើដំណើរចូលដល់ដី របស់លោកស្រី ហាក់ លីណា។

ការបិទផ្លូវដែលលោកស្រី ហាក់ លីណា ធ្លាប់សុំធ្វើដំណើរនេះហើយជាហេតុនាំឱ្យមានជម្លោះនេះ ឡើង និងឈានដល់ការស្វែងរកកិច្ចអន្តរាគមន៍ពីអភិបាលខេត្ត។

ឯកឧត្តម ម៉ៅ ធនិន បានចំណាយពេលជាងពីរម៉ោង ដើម្បីសម្របសម្រួលលើបញ្ហានេះ។ លោក បានអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលបានដឹងឮប្រវត្តិដីធ្លីនៅតំបន់នោះ ឡើងបញ្ជាក់ម្តងម្នាក់ៗ ហើយបានអនុញ្ញាតឱ្យភាគីជម្លោះទាំងសងខាងឡើងបង្ហាញនូវសំណូមពររបស់ខ្លនផងដែរ។

ប្រជាពលរដ្ឋរស់នៅតំបន់នោះ សុទ្ធតែបានទទួលស្គាល់ថាដីផ្លូវធ្វើដំណើរដែលមានជម្លោះនេះ គឺត្រូវបានលោកស្រី មីន កុអាន់ណា ទិញហើយរៀបចំសម្រាប់ធ្វើដំណើរចូលទៅក្នុងដីរបស់ខ្លួន។

បើទោះបីជាយ៉ាងណាក្នុងកិច្ចសម្របសម្រួលរយៈពេលជាងពីរម៉ោងនោះ ភាគីលោកស្រី ហាក់ លីណា មិនព្រមទទួលយក ហើយទាមទារឱ្យភាគីលោកស្រី មីន កុអាន់ណា បើកកំណាត់ផ្លូវប្រវែង ជាង ៤០ម៉ែត្រនោះមកវិញ។

ដោយសារតែភាគីទាំងសងខាងមិនអាចសម្របសម្រួលគ្នាបាន ឯកឧត្តម ម៉ៅ ធនិន បានសម្រេចឱ្យ មន្ត្រីជំនាញរបស់ខេត្តធ្វើការវ៉ាស់វែងរកផ្ទៃដីពិតរបស់ភាគីទាំងសងខាងទៅតាមប្លង់ដីដែលអាជ្ញាធរបានកំណត់ ហើយរកពេលវេលាដោះស្រាយជាមួយភាគីជម្លោះជាថ្មី។

បើទោះបីជាយ៉ាងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្របសម្រួលទាំងយប់នោះ បានសម្តែងនូវ ការគាំទ្រជាខ្លាំងចំពោះដំណោះស្រាយ ដែល ឯកឧត្តម អភិបាលខេត្ត ម៉ៅ ធនិន បានដាក់ចេញ។

ពាក់ព័ន្ធនឹងផ្លូវធ្វើដំណើរនេះ ភាគីលោកស្រី ហាក់ លីណា ក៏បានប្តឹងទៅកាន់សាលាដំបូងខេត្ត កំពតផងដែរ។ តែតុលាការមិនបានជំទាស់ការសាងសង់របងបិទផ្លូវនេះឡើយ៕