សហភាពអឺរ៉ុប (EU) សម្រេចទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៉ី ឆ្លើយតបនឹងវិបត្តិអ៊ុយក្រែន, តែមិន បានដាក់ទណ្ឌកម្មលោក ពូទីន ដោយផ្ទាល់ទេ


 (ព្រុចសែល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ គឺសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាហើយ ចំពោះការដាក់ទណ្ឌកម្ម ថ្មីៗទៅលើប្រទេសរុស្ស៊ី ក្នុងនោះមានដូចជាការ កត់ឈ្មោះអ្នកនយោបាយ សមាជិកសភា និងមន្ត្រី រដ្ឋាភិបាលរុស្ស៊ីជាច្រើនទៀត ចូលទៅក្នុងបញ្ជីខ្មៅ, ហាមឃាត់វិនិយោគិន EU មិនធ្វើជំនួញជាមួយ រុស្ស៊ី ព្រមទាំងទណ្ឌកម្មផ្សេងៗទៀត ដែលមានគោលដៅលើវិស័យនាំចូល និងនាំចេញ រវាងក្រុម ហ៊ុននៅក្នុងតំបន់ផ្តាច់ខ្លួនទាំងពីរ នៅភាគខាងកើតអ៊ុយក្រែនផងដែរ។

ប្រធានគោលនយោបាយនៃសហភាពអឺរ៉ុប លោក ចូសិព បូរ៉ែល (Josep Borrell) បានថ្លែងបន្ទាប់ ពីកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការបរទេស EU ក្នុងទីក្រុងប៉ារីសប្រទេសបារាំង នៅថ្ងៃអង្គារសប្តាហ៍ នេះថា សហភាពនេះបានជ្រើសរើស មិនដាក់ទណ្ឌកម្មដោយផ្ទាល់ ទៅលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នោះឡើយ។ លោក Borrell បានគូសបញ្ជាក់ថា ការទទួលស្គាល់ជាផ្លូវការ ចំពោះ តំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែនចំនួន ២ គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជារដ្ឋឯករាជ្យនោះ គឺជាការរំលោភលើអធិបតេយ្យភាពអ៊ុយក្រែន ដែលមិនអាចទទួលយកបានជាដាច់ខាត។

លោក Josep Borrell បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថា «កញ្ចប់ទណ្ឌកម្មថ្មី ដែលត្រូវបាន អនុម័តជាឯកច្ឆ័ន្ទ ដោយរដ្ឋជាសមាជិក EU នៅពេលនេះ នឹងធ្វើឱ្យរុស្ស៊ីឈឺចាប់… ហើយវានឹងធ្វើឲ្យ មានសម្ពាធខ្លាំង (លើរុស្ស៊ី)»។ សម្រាប់ការសម្រេចចិត្ត មិនដាក់ទណ្ឌកម្មដោយផ្ទាល់លើ ប្រធានា ធីបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នោះ គឺមិនមានការបកស្រាយអំពីមូលហេតុនោះឡើយ៕