ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក


 (ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា នៅគម្រោងនេះ មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១,៦៩០ម៉ែត្រ ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ ផ្លូវនេះ នឹងជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់ ០.៣ ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) មានបឹងបម្រុងទុកប្រមាណ ១៩ហិកតា ស្ថិតនៅជាប់មហាវិថី អ្នកឧកញ៉ាមហា ភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រាប់សាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមាន ការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថា នីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានតម្លៃប្រមាណ ២,៣៤០ លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture)៕