(ហាណូយ)៖ យោងតាមសេចក្តីរាយការណ៍របស់កាសែត VN Express របស់វៀតណាម បាន អោយដឹងថា តម្លៃប្រេងឥន្ធនៈនៅវៀតណាមបានកើនឡើងដល់កកម្រិតខ្ពស់បំផុតថ្មីមួយនៅថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលដំឡើងតម្លៃ ៥លើកជាប់គ្នា។ កាសែត VN Express បានរាយការ ណ៍ថា តម្លៃប្រេងសាំងប្រភេទ RON 95 បានកើនឡើង ៣,៧៩ភាគរយដល់ ២៦.២៨០ដុង (ប្រហែល ១,១៥៤ដុល្លារ) ក្នុងមួយលីត្រ ខណៈដែលប្រេងជីវឥន្ធនៈប្រភេទ E5 RON 92 បានកើនឡើង ៣,៩ភាគរយដល់ ២៥.៥៣០ដុង (ប្រហែល ១,១២២ដុល្លារ)។
តម្លៃទាំងនេះបានកើនឡើងខ្ពស់ជាងកម្រិតខ្ពស់បំផុតដែលធ្លាប់បានកើតមាននៅខែកក្កដា ឆ្នាំ ២០១៤។ ការដំឡើងតម្លៃប្រេងឥន្ធនៈនៅថ្ងៃចន្ទគឺជាការដំឡើងលើកទី៥ជាប់គ្នាគិតចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១មក។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាម ដែល ទទួលខុសត្រូវលើការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈវៀតណាមបានឱ្យដឹងថា តម្លៃរបស់សមាសធាតុ ប្រេងបានកើនឡើងជិត ៦ភាគរយគិតចាប់ពីថ្ងៃទី១១ ខែកុម្ភៈរហូតមកដល់ពេលនេះ។
ទន្ទឹមនឹងនេះដែរ តម្លៃប្រេងឆៅពិភពលោកបានធ្លាក់ចុះតិចតួច ខណៈដែលដំណឹងអំពីកិច្ចប្រឹងប្រែង ផ្នែកការទូតថ្មីៗដើម្បីដោះស្រាយវិបត្តិនៅប្រទេសអ៊ុយក្រែនបានរំងាប់ក្តីបារម្ភមួយចំនួនអំពីការផ្គត់ផ្គង់ប្រេង។ អាជ្ញាធរវៀតណាមបានធ្វើការកែសម្រួលតម្លៃប្រេងឥន្ធនៈនៅថ្ងៃទី១ ទី១១ ឬទី២១ នៃ ខែកុម្ភៈ ដើម្បីឱ្យការកែសម្រួលតម្លៃនេះឆ្លុះបញ្ចាំងទៅនឹងការប្រែប្រួលតម្លៃប្រេងពិភពលោក បន្ទាប់ ពីពន្យាពេលកែសម្រួលតម្លៃកន្លងមក។
អាជ្ញាធរគយវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចូលប្រេង និងសាំងចំនួន ៦,៩៦ លានតោននៅឆ្នាំ២០២១ ធ្លាក់ចុះ ១៥,៥ភាគរយធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមកាសែត VN Express៕