ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម


ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងខេត្តព្រះសីហនុ។

លោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ថ្លែងអំណរគុណឯក ឧត្តមអភិបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតិឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ដែលមានអ្នកវិនិយោគ និងអ្នកទេសចរចិន បានមកធ្វើការវិនិយោគនៅតំបន់ សេសកិច្ចពិសេសក្រុងព្រះសីហនុ វាបានផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងមានទំនាក់ទំនងល្អ ពិសេសផ្នែកពាណិជ្ជកម្មកាន់តែល្អ ប្រសើរថែមទៀត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការទំនាក់ទំនង មិត្តភាព អន្តរជាតិរវាងខេត្តព្រះសីហនុ និងសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនង ជាខេត្តក្រុងចំនួន១៨ ក្នុងនោះខេត្តក្រុងចំនួន១៤ បានបង្កើតជាសម្ព័ន្ធភាពជាខេត្តក្រុងបងប្អូន ដោយឡែកនៅខេត្តក្រុងចំនួន៤ទៀត កំពុងធ្វើការទំនាក់ទំនងជិតស្និទ្ធ ដើម្បីឈានទៅដល់ការចុះ ហត្ថលេខាផ្លូវការសម្រាប់សម្ព័ន្ធភាពបងប្អូននាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រយៈពេលពីរឆ្នាំដែលកម្ពុជា ក៏ដូចខេត្តព្រះសីហនុ ជួបប្រទះ ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ក្នុងនោះខេត្តព្រះសីហនុ បានទទួលការគាំទ្រពីមិត្តចិនដែល បានផ្ដល់ជាសម្ភារៈ ឧបករណ៍ និងថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈបុគ្គល និងតាមសមាគមខេត្តជាំងស៊ូ ជាបន្តបន្ទាប់ សកម្មភាពទាំងនេះគឺបានបង្ហាញពីទឹកចិត្តជួយគ្នាក្នុងគ្រា លំបាក និងសូមអរគុណដល់ថ្នាក់ដឹកនាំចិន អ្នកទេសចរ និងអ្នកវិនិយោគចិនដែលជួយអភិវឌ្ឍនៅ ខេត្តព្រះសីហនុ៕