ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នដោយបន្តអនុវត្តវិធានការ «៣កុំ និង ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺកូវីដ១៩


 (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវយ៉ាងទទូច សុំឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធានការ «៣កុំ និង៣ ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។

ការអំពាវនាវបែបនេះរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់មួយរយៈពេលចុងក្រោយ ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ១៩ បានបន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសភាគច្រើននៃអ្នកជំងឺ សុទ្ធតែប្រភេទមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង។

តាមទំព័រ Facebook ផ្លូវការ បង្ហោះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវយ៉ាងដូច្នេះថា៖ «យោងព័ត៌មានជាបន្តបន្ទាប់ស្តីពីការកើនឡើងនូវករណីឆ្លងថ្មី (និងមរណៈភាព ០២រូប) កាលពីម្សិល ដែលបណ្តាលមកពីវីរុស Omicron ខ្ញុំសូមអំពាវនាវជាថ្មីដល់ លោកតាលោកយាយ អ៊ំពូមីង បងប្អូនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធាន ០៣កុំ និង០៣ការពារ ឱ្យបានខ្ជាប់ខ្ជួន»

ឯកឧត្តម ក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំនានា ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ ឱ្យមានប្រសិទ្ធិភាពនូវសន្ទុះនៃការឆ្លងថ្មីនេះ។ សហគមន៍យើងមានសុវត្ថិភាព លុះណាតែយើង ទាំងអស់គ្នាចូលរួម ដែលរាប់ទាំងការចូលរួមពីសំណាក់យុវជនស្ម័គ្រចិត្តគ្រប់យន្តការ ស្ថាប័ន និងនិន្នាការផងដែរ»។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៧៣៦នាក់ ក្នុងនោះករណីនាំចូលចំនួន៦នាក់ និងឆ្លងក្នុងសហគមន៍៧៣០ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៩៧នាក់ និងអ្នកស្លាប់២នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៦,៤៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១២០,៤៦២នាក់, ស្លាប់សរុបចំនួន៣,០១៧នាក់៕