(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា យុវជនកម្ពុជាត្រូវចេះទាញយកបច្ចេកវិទ្យានិង ការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ ខ្លួនឯង និងប្រទេសជាតិខ្លួនឯង។
ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅព្រឹកថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងបន្ថែមថា អ្វីដែលរៀននៅសាលាគឺមិនសំដៅតម្រូវនរណា ម្នាក់ទេ គឺសំដៅតម្រូវទាំងអស់គ្នា ហើយយើងត្រូវចេះយល់ច្បាស់អ្វីដែលគេបានបង្រៀននៅក្នុង មេរៀនទាំងអស់នោះ ក្នុងការដោះស្រាយបញ្ហាដោយប្រើប្រាស់មូលដ្ឋានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ជាគោល ដែលយើងអាចធ្វើបានដោយខ្លួនឯង។ លើសពីនេះ យុវជនត្រូវមានការជឿជាក់លើខ្លួនឯង ហើយមានជំហរមួយជឿថាខ្មែរធ្វើបាន។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងសម័យតេជោសន្តិភាព កម្ពុជាមានឱកាស និង លទ្ធភាពដូចបណ្តាប្រទេសដទៃទៀតដែរ ក្នុងការក្រសោបទាញប្រយោជន៍ពីការរីកចម្រើននៃបច្ចេក វិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មរបស់ឧស្សាហកម្ម ៤.០។ ក្នុងនោះដែរ កម្ពុជាមានឱកាសស្មើគ្នាជា មួយប្រទេសនានា ក្នុងការឈានទៅរកឧស្សាហកម្ម ៤.០ ស្របតាមចក្ខុវិស័យនៃក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាចូលក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តឲ្យយុវជនកម្ពុជា ជាពិសេសយុវសិស្សនៅតាម គ្រឹះស្ថានសិក្សាត្រូវមានប្រឹងប្រែងសិក្សា និងចាប់យកឱកាសនៃការរិវឌ្ឍនៃវិទ្យាសាស្រ្ត និងបច្ចេក វិទ្យា សម្រាប់ឧត្តមប្រយោជន៍របស់សង្គមកម្ពុជា ឆ្ពោះទៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីប្រទេសឧស្សា ហកម្មបែបប្រពៃណីទៅរកឧស្សាហកម្មទំនើប៕