ចិនជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្ត «កិច្ចព្រមព្រៀងទីក្រុង Minsk» ដើម្បីដោះស្រាយវិបត្តិនៅ ភាគខាងកើតអ៊ុយក្រែន


 (យូអិន)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ គឺ ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពី បញ្ហាអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការដោះស្រាយបញ្ហាអ៊ុយក្រែន គឺត្រូវតែត្រឡប់ ទៅរកការអនុវត្តកិច្ចព្រមព្រៀងទីក្រុង មីងល៍ (Minsk) ថ្មី ឲ្យបានគ្រប់ជ្រុងជ្រោយឡើងវិញ។

លោក ចាង ជុន (Zhang Jun) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានពន្យល់យ៉ាងលម្អិត អំពីជំហររបស់ប្រទេសលោក ជុំវិញស្ថានភាពបច្ចុប្បន្ន តាមរយៈសន្និសីទ សង្ខេបស្តីពីបញ្ហាអ៊ុយក្រែន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

លោក ចាង បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុង Minsk ត្រូវបានទទួលស្គាល់ដោយគ្រប់គ្នាថា ជាឯកសារនយោបាយមូលដ្ឋាន និងជាកាតព្វកិច្ចផងដែរ សម្រាប់ការដោះស្រាយបញ្ហាអ៊ុយក្រែន ហើយក៏សមនឹងទទួលបានការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។

តំណាងចិនប្រចាំនៅ UN រូបនេះបានសង្កត់ធ្ងន់ថា វាជារឿងគួរឲ្យសោកស្តាយ ដែលបទប្បញ្ញត្តិភាគ ច្រើននៃកិច្ចព្រមព្រៀងខាងលើនេះ មិនទាន់ត្រូវបានអនុវត្តឲ្យបានជាក់លាក់នៅឡើយ ហើយការ រំលោភលើបទឈប់បាញ់ជាថ្មី (រវាងកងទ័ពរដ្ឋាភិបាលទីក្រុងកៀវ និងក្រុមឧទ្ទាមភាគខាងកើត អ៊ុយក្រែន) បានកើតមានឡើង៕