(ម៉ូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ឥឡូវនេះមានការចង្អុលបង្ហាញកាន់តែច្រើនថា រុស្ស៊ីគ្រោងនឹងឈ្លានពានអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ហើយពួកគេក៏កំពុងរៀបចំ «លេស» ដើម្បីបង្ហាញអំពីភាព ត្រឹមត្រូវ ក្នុងការឈ្លាននោះផងដែរ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន និងក្រុមឧទ្ទាមគាំទ្រដោយទីក្រុង ម៉ូស្គូ បានបាញ់បោះដាក់គ្នាមួយប្រាវ នៅភាគខាងកើតអ៊ុយក្រែន។
លោក ចូ បៃដិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅសេតវិមានទីក្រុងវ៉ាស៊ីនតោន យ៉ាងដូច្នេះ ថា «យើងមានហេតុផលក្នុងការជឿថា ពួកគេបានចូលរួមក្នុងប្រតិបត្តិការ បង្កើតទង់ក្លែងក្លាយមួយ ដើម្បីធ្វើជាលេសក្នុងការវាយលុក។ រាល់ភស្តុតាងដែលយើងមាន គឺពួកគេបានរៀបចំវារួចជាស្រេច ដើម្បីធ្វើដំណើរចូលទៅអ៊ុយក្រែន និងវាយប្រហារអ៊ុយក្រែន។ បើតាមញាណរបស់ខ្ញុំ រឿងនេះនឹង កើតឡើងនៅប៉ុន្មានថ្ងៃទៀត»។
កន្លងមកនេះ, រដ្ឋាភិបាលរុស្ស៊ីបានចោទលោក ចូ បៃដិន អំពីការអុចអាលឱ្យមានភាពតានតឹង ហើយ បានចេញសារមួយយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនមិនបានអើពើទៅនឹង ការទាមទារផ្នែកសន្តិសុខ របស់ទីក្រុងម៉ូស្គូឡើយ ហើយក៏បានគំរាមកំហែងដាក់ទណ្ឌកម្ម លើវិស័យអភិវឌ្ឍបច្ចេកវិទ្យាយោធា រុស្ស៊ីថែមទៀត។ រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏បានបណ្តេញមន្ត្រីទូតជាន់ខ្ពស់ ២រូប នៃ ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ូស្គូ ឲ្យត្រឡប់ទៅកាន់ស្រុកកំណើតពួកគេវិញផងដែរ៕