រុស្ស៉ីនៅតែកំពុងបង្កើនចំនួនទ័ព នៅក្បែរព្រំដែនអ៊ុយក្រែន ដោយមិនមានការដកឡើយ, នេះបើតាម មន្ត្រីអាមេរិក និងអង់គ្លេសព្រមាន


(ម៉ូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ប្រាប់អោយដឹងថា មន្ត្រីចារកម្មនៃចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបាន ព្រមានថា វត្តមានយោធារុស្ស៊ីនៅតាមតំបន់ជាប់ព្រំដែនអ៊ុយក្រែន នៅតែកំពុងកើនឡើង ដើម្បី ត្រៀមវាយដណ្តើមយកទីតាំងសំខាន់ៗ ដែលទំនងមិនដូចជាការផ្សព្វផ្សាយថា រុស្ស៊ីបានដកទ័ពវិញ ខ្លះនោះឡើយ។

យោងតាមមន្ត្រីចារកម្មអង់គ្លេស បានបញ្ចេញរបាយការណ៍ថ្មីដ៏កម្រមួយថា រថពាសដែក, ឧទ្ធម្ភាគ ចក្រ និងមន្ទីរពេទ្យចល័តរបស់រុស្ស៊ី ត្រូវបានគេអង្កេតឃើញ នៅតាមតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ ដោយឡែកមន្ត្រីនៃរដ្ឋបាលលោក ចូ បៃដិន ក៏បានបង្ហើប (ដោយគ្មានបញ្ជាក់ភស្តុតាង) ផងដែរថា កងទ័ពរុស្ស៊ីប្រមាណ ៧,០០០នាក់ទៀតឯណោះ ត្រូវបានដាក់ពង្រាយបន្ថែមទៀត នៅកាន់តំបន់ ក្បែរព្រំដែនអ៊ុយក្រែន នៅកំលុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បូករួមទាំងនៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានថ្លែងក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ MSNBC នៅថ្ងៃពុធសប្តាហ៍នេះថា «នោះហើយជាអ្វីដែលរុស្ស៊ីនិយាយចេញ… ហើយនេះជាអ្វីដែលរុស្ស៊ីធ្វើ… យើងមិនបានឃើញការដកកងទ័ពអ្វីនោះទេ។ យើងនៅតែបន្តឃើញ កងអង្គភាពសំខាន់ៗរបស់រុស្ស៊ី ចល័តទៅជិតតំបន់ព្រំដែន (អ៊ុយក្រែន), មិនមែនទៅណាឆ្ងាយពី ព្រំដែននោះឡើយ»