កូរ៉េខាងជើង ប្រគំតន្ត្រីជំនួសឱ្យការធ្វើតេស្ដមីស៊ីល ដើម្បីអបអរសាទរខួបកំណើត ឪពុកលោក គីម ជុងអ៊ុន


 (សេអ៊ូល)៖  តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ប្រាប់ថា កូរ៉េខាងជើង បានប្រារព្ធខួប កំណើតលើកទី៨០ នៃឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ជាមួយការប្រគុំតន្ត្រី និងការបាញ់ កាំភ្លើងធំ អបអរសាទរ នៅក្នុងពិធីដែលរៀបចំឡើងក្នុងទីក្រុងដ៏ពិសិដ្ឋមួយ ដោយមិនមានការធ្វើ ព្យុហយាត្រាយោធា ឬការបាញ់សាកល្បងមីស៊ីល ដូចសព្វដង នោះទេ។

បើតាម KCNA, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, យោធា និង មន្ត្រីមកពីគណបក្ស ពលករកូរ៉េ បានចូលរួមក្នុងពិធីប្រារព្ធខួបកំណើតឪពុក របស់លោក គឺលោក គីម ជុងអ៊ីល (ស្លាប់) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅឯទីក្រុងសាំជីយ៉ុន (Samjiyon)។ Samjiyon គឺជាទីក្រុងមួយស្ថិត នៅ ក្បែរព្រំដែនចិន និងភ្នំប៉េកទូ (Paektu) ដែលជាភ្នំដ៏ពិសិដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើង ហើយវា ជារឿងកម្រដែលទីក្រុងព្យុងយ៉ាង រៀបចំពិធីបែបនេះក្នុងតំបន់ដាច់ស្រយាលមួយនេះ។

លោក គីម ជុងអ៊ុន កំពុងព្យាយាមប្រែក្លាយទីក្រុង Samjiyon ទៅជាតំបន់សេដ្ឋកិច្ចពិសេស តាម រយៈការសាងសង់អាផាតធឺមិនថ្មី, សណ្ឋាគារ, កន្លែង ជិះស្គី, មជ្ឈមណ្ឌលពាណិជ្ជកម្ម, វប្បធម៌ និងមន្ទីរពេទ្យ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់, កូរ៉េខាងជើងមិនបានធ្វើព្យុហយាត្រាយោធា ឬបាញ់សាក ល្បង មីស៊ីលដូចសព្វដងនោះទេ ជំនួសមកវិញដោយការប្រគំតន្ត្រី និងការបាញ់កាំភ្លើងធំអប អរសាទរតែប៉ុណ្ណោះ៕