(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ គឺបានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថាកង ទ័ពរុស្ស៊ីច្រើនជាង ១៥០,០០០នាក់ នៅតែបន្តប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ ព្រំដែនអ៊ុយក្រែន បើទោះជាទីក្រុងម៉ូស្គូ បានប្រកាសដកកងទ័ពមួយចំនួនក៏ដោយ។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ, ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយវីដេអូ និងរូបភាពជាច្រើន ដែលបង្ហាញពីសកម្មភាពកងទ័ពរុស្ស៊ីមួយចំនួន កំពុង វិលត្រឡប់ទៅកាន់បន្ទាយរបស់ខ្លួនវិញ ក្រោយបញ្ចប់ការធ្វើសមយុទ្ធយោធា។ ម៉ូស្គូ មិនបានបញ្ជាក់ថាតើកងទ័ពដែលត្រូវបានដកចេញ ពីតំបន់ព្រំដែន អ៊ុយក្រែនមានចំនួនប៉ុន្មាន ឬក៏ត្រូវដកទៅកាន់មូលដ្ឋានណាមួយឱ្យប្រាកដ នោះទេ។
ជុំវិញភាពតានតឹងនេះដែរ លោក បៃដិនបានបន្ថែមថាសហរដ្ឋអាមេរិកមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ ពីសកម្មភាពដកកងទ័ពរបស់រុស្ស៊ីនោះទេ ហើយថា ស្ថានការណ៍នៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ នៅឡើយ។ ជាក់ស្ដែង ប៉ុន្មានម៉ោងក្រោយការប្រកាសរបស់រុស្ស៊ី, អ៊ុយក្រែនបានអះអាងថា ប្រព័ន្ធ អ៊ីនធើណិតនៃក្រសួងការពារជាតិរបស់ខ្លួន និងធនាគារចំនួន២ រងការវាយប្រហារព័ត៌មានវិទ្យា។ អ៊ុយក្រែនមិនបាននិយាយចំឈ្មោះរុស្ស៊ីទេ តែដាក់ការសង្ស័យលើរុស្ស៊ី៕