សម្តេចតេជោ ហ៊ុន សែន អំពាវនាវអាជ្ញាធរគ្រប់ខេត្ត ផ្តល់លក្ខណៈឱ្យបក្សនយោបាយទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ ធ្វើសកម្មភាពនយោបាយ


(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ទាំងផ្តល់បរិយកាសឱ្យគណបក្សទាំងអស់ ដែលទទួល ស្គាល់ដោយក្រសួងមហាផ្ទៃ ធ្វើសកម្មភាពនយោបាយ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាខែ មិថុនា ឆ្នាំ២០២២ខាងមុខ មានសិទ្ធិជួបជុំសមាជិក សមាជិកា និងលើកផ្លាក ដូចគណបក្សកាន់ អំណាច។ ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានចំនួន ៧កន្លែង នៅក្រចេះ និង ព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ហើយខ្ញុំសូមយកឱកាសនេះ អំពាវ នាវចំពោះគ្រប់ខេត្ត រាជធានី ក៏ដូចជាមូលដ្ឋានរបស់ប្រទេសយើងទាំងអស់ បង្កលក្ខណៈសម្បត្តិ សម្រាប់បណ្តាគណបក្សនយោបាយនានា ធ្វើសកម្មភាព ដែលនៅសល់តែប៉ុន្មានខែទៀត ការបោះ ឆ្នោតមួយនឹងមកដល់ហើយ ដូច្នេះ គណបក្សនយោបាយដែលចុះបញ្ជីដោយស្របច្បាប់ ទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ ចាំបាច់ត្រូវផ្តល់លទ្ធភាពឱ្យពួកគេមានឱកាសដើម្បីធ្វើសកម្មភាព […] យុទ្ធនា ការបោះឆ្នោតមិនទាន់មកដល់ទេ ក៏ប៉ុន្តែ គេមានឱកាសជួបជុំសមាជិក សមាជិការបស់គេ មិនចាំតែ មកឱកាសឃោសនាបោះឆ្នោតទេ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការជួបជុំសមាជិក សមាជិកា ក៏ដូចជាការលើកផ្លាក បក្ស មិនត្រូវមានការរំខានណាមួយពីមូលដ្ឋាននោះឡើយ ប៉ុន្តែពួកគេត្រូវទទួលបាននូវការការ ពារសុវត្ថិភាព ពីព្រោះសម្តេចមិនចង់ឃើញការបោះឆ្នោតមួយដែលញាំញីដោយហិង្សា ជម្លោះរហូត ដល់មានមនុស្សគ្រោះថ្នាក់។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចមិនចង់ឃើញការបោះឆ្នោត មួយដែលញាំញីដោយអំពើហិង្សា ជម្លោះរហូតដល់មានមនុស្សគ្រោះថ្នាក់នោះឡើយ។ ខណៈការបោះឆ្នោតចុងក្រោយនេះនៅប្រទេសកម្ពុជា មិនមានមនុស្សណាម្នាក់ស្លាប់ ឬរបួសដោយ សារការបោះឆ្នោតនោះទេ។

«មិនមែនតែគណបក្សកាន់អំណាចមួយទេ ដែលមានសិទ្ធិលើកផ្លាក បក្សដទៃទៀត ក៏មានសិទ្ធិលើក ផ្លាកដូចយើងផងដែរ [..] ទីធ្លារសាធារណៈយើងអាចប្រជុំបាន បក្សដទៃក៏អាចប្រជុំបានដែរ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកពីការបោះឆ្នោតនៅជំនាន់ អ៊ុនតាក់ និងក្រោយមកក៏មាន មនុស្សស្លាប់ និងរបួសដោយសារការបោះឆ្នោត ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០០៣មក ការរៀបចំការ បោះឆ្នោតនៅកម្ពុជា មិនមានអ្នកស្លាប់ ឬរបួសដោយសារការបោះឆ្នោតនោះទេ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រប់មូលដ្ឋានទាំងអស់ គ្រប់ខេត្តធានាយ៉ាងម៉េច ឱ្យសេរីភាពបណ្តលគណបក្សនយោបាយគេ អាចមានឱកាសធ្វើការជួបជុំ គេអាចមានឱកាសដើម្បី លើកផ្លាកគណបក្សនៅទីកន្លែងដែលយើងបានកំណត់ ហើយគណបក្សនយោបាយនានា ក៏ត្រូវតែ គោរពនូវបែបទដែលមានចែងក្នុងច្បាប់និងបទបញ្ជាដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាធរមានផងដែរ។ ធ្វើបែបនេះ យើងអាចធ្វើដំណើរទៅមុខក្នុងការ បើកលំហរប្រជាធិបតេយ្យ ខណៈមានគណបក្សនយោបាយថ្មីៗបានបង្កើតមកច្រើនណាស់។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវរបស់សម្តេច គឺប្រៀបដូចជាបទ បញ្ជាយ៉ាងដូច្នោះដែរ ពីព្រោះពេលមានបញ្ហាគេតែងតែជេនាយករដ្ឋមន្ត្រី ហើយគណបក្សដែល សម្តេចបានសំដៅនោះ គឺបណ្តាបក្សដែលបានចុះបញ្ជីផ្លូវការ រីឯគណបក្សមិនស្របច្បាប់ គឺជារឿង មួយផ្សេងទៀត។

ប្រមុខរដ្ឋាភិបាលក៏បានដឹងដែរថាបណ្តាគណបក្សជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ការប្រជែងកៅអីឃុំ សង្កាត់ នាពេលខាងមុខ ហើយខ្លះកំពុងត្រៀមរៀបចំបង្កើនសម្ព័ន្ធភាព ដែលនេះជាលំហរ ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា៕