(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណង ចំនួន ៦៦៤,៩៩៤ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ន នៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ ដល់អង្គភាពទទួល ជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ពិធីបាធ្វើឡើងក្រោមអធិបតីភាពលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ នាថ្ងៃរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។
ក្នុងនោះថវិកា ២៦៦,៤២៨ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅសមាគមសម្រាប់ជំនួយ និងសង្គ្រោះ នៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្ត «គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្ន សម្រាប់កុមារ មានពិការភាពតាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំ បរិយាប័ន្ន (ឆ្នាំទី៣)។ ថវិកា ៣៩៨,៥៦៦ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋា ភិបាល បេះដូងមាស ដើម្បីអនុវត្ត «គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យា ល័យរយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី៣)»។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះអង្គការទាំងពីរ ដែលបាន ចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។
ខណៈពេលដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន ២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្តោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយ សម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្តាខេត្តនានា។ យើងជឿជាក់ថា ជំនួយ ឥតសំណងទាំងនេះនឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕