អ្នកនាំពាក្យសុខាភិបាល ទទូចឲ្យប្រជាពលរដ្ឋគ្រប់រូប កុំមើលស្រាលវីរុសអូមីក្រុង សូមបន្តវិធានការ ៣ការពារ និង៣កុំ ជាមួយការចាក់វ៉ាក់សាំង អាចជួយការពារអាយុជីវិតបាន !


 (ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខា ភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញមកអំពាវនាវសូមឲ្យប្រជាពលរដ្ឋគ្រប់រូប កុំមើលស្រាលវីរុសបំប្លែងថ្មី អូមីក្រុង ឲ្យសោះ សូមបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឲ្យ បានខ្ជាប់ខ្ជួនជាមួយនឹងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលអាចជួយអាយុជីវិតបាន។

ការចេញមកអំពាវនាវជាថ្មីនេះធ្វើឡើង បន្ទាប់ពីរយៈពេលចុងក្រោយនេះ ករណីឆ្លងក្នុងសហគមន៍ ប្រភេទវីរុសបំប្លែងថ្មី បានកើនឡើងដល់៣ខ្ទង់ជាបន្តបន្ទាប់។

លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាលបានអំពាវនាវហើយអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គល គ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយនឹង ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឬដូសជំរុញនេះជាវិធានការល្អអាចជួយបុគ្គល គ្រប់រូប ពីការវៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន»។

លោកជំទាវ រដ្ឋលេខាធិការបន្តថា នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោក និងក្នុងតំបន់ មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាយើងដែរ ហើយករណីស្លាប់នៅ តាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស។ ដូច្នេះមិនត្រូវមើលស្រាលលើលទ្ធភាពវៃលុកនៃវីរុសអូមីក្រុង នាពេលនេះឱ្យសោះ។

អូមីក្រុងបាន និងកំពុងឆ្លងនៅក្នុងសហគមន៍ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេក ខ្វះការអនុ វត្តន៍វិធានការ ៣ការពារ និង៣កុំ ហើយឱ្យតែយើងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ ហើយ។

ជាមួយគ្នានេះ លោកស្រីសូមធ្វើការអំពាវនាវសារជាថ្មី យើងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖

១៖ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នាគ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ឥឡូវនេះកុំបីអាក់ខានឱ្យសោះឡើយ។

២៖ យកចិត្តទុកដាក់បន្តអនុវត្តន៍វិធានការ ៣ ការពារ៖ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃ ញឹកញាប់ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡើង និង ៣កុំ

ដូចជា៖ កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកើនឡើងច្រើនពេក ដែលជាហានិភ័យខ្ពស់ណាស់ ក្នុង ដំណាក់កាលរាតត្បាតអូមីក្រុងនេះ ហើយកុំអង្គុយជិតៗគ្នាពេក ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាព បុគ្គល តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។ កុំទៅកន្លែងមនុស្សច្រើនកុះ ករ កន្លែងបិទជិតៗ កុំជួបជុំគ្នាច្រើនជាដើម។

៣៖ បើមានការសង្ស័យ៖ សុំធ្វើតេស្តរហ័សដោយខ្លួនឯង បើវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារ នៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិ សម្រាប់ការព្យាបាល និងថែ ទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយឱ្យបានត្រឹមត្រូវ។

៤៖ ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលើដល់ក្រុមគ្រួសារ និងសហគមន៍របស់យើង ដើម្បី រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះ កុំឱ្យរាតត្បាតធំធេងឱ្យសោះ ពីពេលនេះតទៅ៕