ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ៣៥លានដុល្លារ ជាជំនួយរដ្ឋាភិបាលជប៉ុន


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញធ្វើដំណើរទៅខេត្តក្រចេះជាលើកទីពីរ សម្រាប់ខែកុម្ភៈ។ ការដំណើរអញ្ជើញចុះទៅកាន់ខេត្តក្រចេះនាព្រឹកថ្ងៃនេះ ដើម្បីធ្វើជាអធិបតីជាមួយលោក មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុង ខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និង ផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ រួមមាន៖

* ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង៣៥ម៉ែត្រ, ស្ពានព្រែកឬស្ស ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។

* ស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។


ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងខាងលើនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះ ទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេស ជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបាន បញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៩ខែ សាង សង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុម ហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. បានចំណាយថវិកាអស់ប្រមា ណ ៣៥លានដុល្លារអាមេរិក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិន អាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាល កម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា ការសាងសង់ឡើងវិញនូវស្ពានទាំង៧កន្លែងនេះ គឺដើម្បី ឆ្លើយតបទៅនឹងឥទ្ធិពលនៃគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅ ក្នុងអំឡុងរដូវវស្សា ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងបង្កផលលំ បាកផ្សេងៗដល់ការធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្រ្តនៃខេត្តទាំងពីរ។ នាពេលបច្ចុប្បន្ន ស្ពានទាំង៧ កន្លែងនេះ បានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរ គឺផ្លូវជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការ ធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋ កិច្ចខាងត្បូង។

សម្រាប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការសម្រេចបាននូវការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋា រចនាសម្ព័ន្ធខ្វាត់ខ្វែងប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេសដូចនាពេលបច្ចុប្បន្ននេះ គឺកើតឡើងដោយ សារសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចាត់ទុកការស្ដារ និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាវិស័យអាទិភាពរបស់ជាតិ ហើយ សម្ដេចតេជោ តែងតែពុះ ពារស្វះស្វែងរកប្រភពធនធានពីគ្រប់មជ្ឈដ្ឋានដើម្បីអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេសឱ្យកាន់តែមានភាពល្អប្រសើរឡើង។

«សុខសន្តិភាព ដ៏ពេញលេញនេះហើយ បានបង្កភាពងាយស្រួលឱ្យប្រជាជនកម្ពុជាអាចធ្វើដំណើរ ទៅទីជិតឆ្ងាយនៅទូទាំងប្រទេសតាមរយៈហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួចរាល់ពាសពេញផ្ទៃប្រទេស។ សុខសន្តិភាព ពិតជាបានប្រែក្លាយកម្ពុជាទៅជាសង្គមជឿនលឿន និងមានការរីក ចម្រើនលើគ្រប់វិស័យ ដែលបានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានមុខរបរ មានការ ងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន រស់នៅក្នុងភាពសុខដុមរមនាគ្រប់ជាតិ សាសន៍ដោយគ្មានការរើសអើង រួមទាំងការទទួលបាននូវការសិក្សាអប់រំ អាហារូបត្ថម្ភ ការប្រើប្រាស់ ទឹកស្អាត និងអនាម័យ បរិស្ថានរស់នៅល្អ សេវាថែទាំសុខភាពផ្សេងៗទាំងនៅតាមទីប្រជុំជន និង ជនបទ និងមានបណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ ទូរស័ព្ទ អ៊ីនធឺណែត និងប្រព័ន្ធបច្ចេកវិទ្យា ទំនើបប្រើប្រាស់យ៉ាងទូលំទូលាយ»។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីដែលលេចធ្លោរលើការធ្វើកំណែទម្រង់លើការងារដឹកនាំនៅក្រសួងសាធារណការ និងដឹក ជញ្ជូន៕