អាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ព័ត៌មានស្តីអំពីមេដឹកនាំក្រុមភេរវករ ISIS-K

 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២គឺ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូត ដល់១០លានដុល្លារ សម្រាប់ព័ត៌មាននីមួយៗ ដែលជួយនាំទៅរកការកំណត់អត្តសញ្ញាណ ឬកន្លែង លាក់ខ្លួនរបស់មេដឹកនាំក្រុមភេរវករ ISIS ប្រចាំនៅប្រទេសអាហ្វហ្កានីស្ថាន ហៅថា ISIS-K។

ការប្រកាសផ្តល់រង្វាន់ខាងលើដោយក្រសួងការបរទេសអាមេរិក ក៏សម្រាប់ព័ត៌មានទាំងឡាយណា ដែលនឹងជួយក្នុងការតាមប្រមាញ់បុគ្គល ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពវាយប្រហារភេរវកម្មនៅ ឯព្រលានយន្តហោះទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១  ផងដែរ ដោយវាត្រូវបានក្រុម ISIS-K ចេញមុខអះអាងថា ជាទង្វើរបស់ពួកគេ។

ការវាយប្រហារនាពេលនោះរបស់ក្រុម ISIS-K បានផ្តាច់ជីវិតមនុស្សសរុបជាង១០០នាក់ រួមមាន ទាំងទាហានអាមេរិក១៣នាក់ ហើយវាបានកើតឡើងស្របពេលភាពចលាចល នៃការដកកងទ័ពនិង ជម្លៀសមនុស្សរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បាន ឡើងគ្រប់គ្រងអំណាច។

សូមបញ្ជាក់ថា យោងតាមរដ្ឋាភិបាលអាមេរិក បុគ្គលឈ្មោះ សាណាអ៊ូឡោះ ហ្កាហ្វារី ឬត្រូវស្គាល់ថា សាហាប់ អាល់មូហាជាត (Shahab al-Muhajir) ត្រូវបានក្រុម ISIS តែងតាំងឱ្យធ្វើជាមេដឹកនាំក្រុម ISIS-K កាលពីខែមិថុនា ឆ្នាំ២០២០៕