សហរដ្ឋអាមេរិកបន្តព្រមានពីលទ្ធភាព នៃការផ្ទុះសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែន ទោះបីមានការរិះគន់ថា ជាការព្រមានជ្រុលក្តី


 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ប្រាប់អោយដឹងថា ទោះបីរងពាក្យរិះគន់ជាបន្តបន្ទាប់ថា សហរដ្ឋអាមេរិក បាននិងកំពុងបញ្ចេញប្រតិកម្មជ្រុល ឬធ្វើការព្រមានដែលលើសពីការពិត ជុំវិញលទ្ធភាពនៃការផ្ទុះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ក៏ទីក្រុងវ៉ាស៊ីនតោននៅតែបន្តការពារគោលជំហរ របស់ខ្លួនកន្លង មកនេះដដែល។  ឆ្លើយតបនឹងពាក្យរិះគន់កន្លងមកនេះ, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងវ៉ាស៊ីនតោន ថា «វាមិនមែនជាការព្រមានបែបជ្រុលនិយមនោះឡើយ។ ទាំងនេះគឺសុទ្ធតែជាការពិត»

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកតាំងតែពីចុងឆ្នាំ ២០២១ មកម្ល៉េះ បានចាប់ផ្តើមបញ្ចេញសារព្រមាន ជាបន្តបន្ទាប់ អំពីលទ្ធភាពនៃការវាយប្រហារ ពីសំណាក់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ក៏ព្រោះតែការដាក់ពង្រាយកងទ័ព និងសព្វាវុធជាច្រើនរបស់រុស្ស៊ី នៅក្បែរព្រំដែនភាគខាងកើតអ៊ុយ ក្រែននោះតែម្តង ហើយរុស្ស៊ីក៏បានចេញមុខច្រានចោល ការចោទប្រកាន់បែបនេះ ជាបន្តបន្ទាប់ផង ដែរ។ ឈានចូលមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានអះអាងទៀតថា រុស្ស៊ីបាន បង្កើនចំនួនទ័ពរហូតដល់ខ្ទង់ ១០០,០០០នាក់ បូករួមទាំងសព្វាវុធទ្រង់ទ្រាយធំបន្ថែមទៀត ដែល នាំឲ្យគេកាន់តែជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុងរៀបចំផែនការវាយលុក ទ្រង់ទ្រាយធំ ទៅលើអ៊ុយក្រែន យ៉ាងហោចណាស់នៅពាក់កណ្តាលខែកុម្ភៈនេះ៕