រាជរដ្ឋាភិបាលផ្ដល់ថវិកាប្រមាណ១៧លានដុល្លារ ជូនស្រ្តីមានផ្ទៃពោះ កុមារប្រមាណ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រប្រមាណ៧០ម៉ឺនគ្រួសារ


 (ភ្នំពេញ)៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងឧបត្ថម្ភថវិកាជូនដល់ស្រ្តីមានផ្ទៃពោះ និង កុមារអាយុក្រោម២ឆ្នាំក្រីក្រ និងគ្រួសារក្រីក្រប្រមាណ៧០ម៉ឺនគ្រួសារ។ នេះជាការបញ្ជាក់របស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវីនីតិសម្បទា ក្នុងឱកាសសន្និបាទបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ២០២២។

ក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវីនីតិសម្បទា ជាសេនាធិការ បាននិងកំពុងបន្តផ្ដល់ថវិកាជួយដល់ជនងាយគ្រោះគោលដៅ​ជាច្រើន។ តាមការលើកឡើងក្នុងឱកាសសន្និបាទបូកសរុបការងារប្រចាំឆ្នាំនាព្រឹកថ្ងៃនេះ ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងថា ក្រសួងបាននិងកំពុងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមាន ផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំដែលមានជីវភាពក្រីក្រ ជាកម្មវិធីអចិន្ត្រៃយ៍តាំងពីខែ មិថុនាឆ្នាំ ២០១៩ មកម្ល៉េះ។ ការអនុវត្តកម្មវិធីនេះ គឺបានផ្ដល់ជាថិការដល់ស្រ្តីមានផ្ទៃពោះ និងកុមារប្រមាណ ២៥ម៉ឺន នាក់ ដោយចំណាយថវិកាសរុបប្រមាណ១៧លានដុល្លារ។

ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុអាយុក្រោម២ឆ្នាំដែលមានជីវភាព ក្រីក្រនេះ គឺផ្ដល់ថវិកាសរុបចំនួន៧៦ម៉ឺនរៀល កំឡុងពេលទទួលសេវាថែទាំផ្ទៃពោះ មុនសម្រាល ពេលសម្រាលកូន ក្រោយពេលសម្រាល និងកំឡុងពេលចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាព ឬមន្ទីរ ពេទ្យរដ្ឋ។ ទន្ទឹមនឹងការអនុវត្តកម្មវិធីជួយដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ ក្រសួង សង្គមកិច្ច ក៏កំពុងបំពេញភារកិច្ចធំ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។

កម្មវិធីនេះជាកម្មវិធីមិនអចិន្រ្តៃយ៍ ដោយបានចាប់ផ្ដើមអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២០។ ចាប់ពីការអនុវត្តកម្មវិធីរហូតដល់ពេលបច្ចុប្បន្ន គឺមានគ្រួសារទទួលផលក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបប្រមាណ ៥៦២ លានដុល្លារ។

ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសបន្តអនុវត្តកម្មវិធីមួយនេះ សម្រាប់ជុំទី៨ ដែលមាន រយៈពេល ៣ខែ គឺសម្រាប់ខែមករា ខែកម្ភៈ និងខែមីនា ឆ្នាំ២០២២។ កម្មវិធីនេះគឺសម្រាប់ជួយគ្រួសារក្រីក្រ ដែលមានបណ្ណសមធ៌ម (បណ្ណក្រីក្រ) តែប៉ុណ្ណោះ៕