កម្ពុជាសម្រេចមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ប៉ុន្តែស្នើឱ្យបញ្ជូនអ្នកតំណាងដែលមិនពាក់ព័ន្ធនយោបាយមកជំនួសវិញ

(ភ្នំពេញ)៖ ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា មិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះឡើយ ដោយសារតែ មានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ហើយសមាជិកអាស៊ានបានស្នើឱ្យមីយ៉ាន់ម៉ាបញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកជំនួសវិញ។ នេះបើតាម ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ប្រាប់អោយដឹង។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ដូច្នេះថា៖ ដោយសារមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា នឹងមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនោះទេ។ ដូច្នេះយើងបានស្នើឱ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកជំនួសវិញ។
ឯកឧត្តម បានបន្តថា ទន្ទឹមនឹងនេះ យើងលើកទឹកចិត្តមីយ៉ាន់ម៉ាឱ្យជំនួសដោយភាគី ដែលមិនជាប់ពាក់ព័ន្ធនយោបាយជាជាងទុកកៅអីឱ្យនៅទំនេរ។ វាអាស្រ័យលើមីយ៉ាន់ម៉ាក្នុងការសម្រេចចិត្តថា «អ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយ» នោះជានរណា។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប បានលើកពេលម្តងហើយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប បានអះអាងថា ខ្លួនមានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ ខណៈដែលប្រទេសសមាជិកចំនួន៣ បានបង្ហាញជំហររបស់ខ្លួន មិនឱ្យមីយ៉ាន់ម៉ាចូលរួមប្រជុំ ប្រសិនបើមិនមានវឌ្ឍនភាពពាក់ព័ន្ធនឹង ការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន ដែលដាក់ចេញកាលពីខែមេសា ឆ្នាំមុន។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) គឺជាកិច្ចប្រជុំមួយ ក្នុងចំណោមកិច្ចប្រជុំសំខាន់ៗ ចំនួន៤ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៥៥ (55 AMM Retreat and Related Meetings) ដែលធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា, កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលត្រូវធ្វើឡើងនៅខែវិច្ឆិកា និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ (40th & 41th ASEAN Summits) ដែលគ្រោងធ្វើឡើង នៅខែវិច្ឆិកា ដូចគ្នាដែរនោះ៕