លោក Joko Widodo បានអោយដឹងថា ឥណ្ឌូណេស៊ី នឹងស្នើឱ្យមានការបង្កើតទីភ្នាក់ងារសុខាភិបាលសកល ថ្មីមួយ
(ហ្សាការតា)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាននិយាយថាប្រទេសរបស់លោកនឹងជំរុញឱ្យមានការបង្កើតទីភ្នាក់ងារ សុខាភិបាល សកលថ្មីមួយ ខណៈឥណ្ឌូណេស៊ីកំពុងកាន់តំណែងជាប្រធានប្ដូរវេននៃក្រុមប្រទេស G20។
លោក Joko Widodo ធ្វើការកត់សម្គាល់បែបនេះនៅក្នុងវេទិការសេដ្ឋកិច្ចនៅឯទីក្រុង Davos ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមប្រព័ន្ធ វីដេអូ។ ថ្លែងនាឱកាសនោះ លោក Widodo បានបន្ថែមទៀតថាទីភ្នាក់ងារសុខាភិបាលសកលថ្មី នឹងជួយពង្រឹងវិស័យសុខាភិបាល សកល ក៏ដូចជាធ្វើឱ្យ ប្រព័ន្ធសុខាភិបាលសកលមានភាពគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធ ភាពឆ្លើយតបទៅនឹងវិបត្តិនានាផងដែរ។
សូមជម្រាបថា បើតាមលោក Joko Widodo អង្គការសុខភាពពិភពលោក (WHO) មានសមត្ថភាព មានដែនកំណត់ ក្នុងការដោះស្រាយវិបត្តិ COVID-19 ហើយកិច្ចសហប្រតិបត្តិការសកលបច្ចុប្បន្ន ជាច្រើន ក្នុងនោះរួមមានវ៉ាក់សាំងគ្រាន់តែជាកម្មវិធីបណ្ដោះអាសន្នតែប៉ុណ្ណោះ៕