លោក ចូ បៃដិន ព្រមានថា ការចល័តណាមួយរបស់រុស្ស៉ី ឆ្លងកាត់ព្រំដែនអ៊ុយក្រែន នឹងត្រូវចាត់ទុក ជាការ «ឈ្លានពាន» ហើយរុស្ស៉ីនឹងត្រូវបង់នូវតម្លៃដ៏ធំធេង


(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកបានបញ្ជូនសារច្បាស់លាស់មួយ ទៅកាន់ប្រធានា ធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) រួចរាល់ហើយថា ការបោះជំហានណាមួយរបស់ រុស្ស៊ី ចូលទៅកាន់ទឹកដីអ៊ុយក្រែន នឹងត្រូវចាត់ទុកជាការ «ការឈ្លានពាន»។

លោក ចូ បៃដិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅសេតវិមានទីក្រុងវ៉ាស៊ីនតោនយ៉ាងដូច្នេះថា «ខ្ញុំបានគូសបញ្ជាក់រឿងនេះយ៉ាងច្បាស់លាស់ហើយ ជាមួយនឹងលោកប្រធានាធិបតី ពូទីន… លោក (ពូទីន) មិនយល់ច្រលំចំពោះបញ្ហានេះឡើយ។ ប្រសិនបើកងកម្លាំង (យោធា) ណាមួយរបស់រុស្ស៊ី ឆ្លងកាត់ព្រំដែនអ៊ុយក្រែននោះ វាគឺជាការឈ្លានពានមួយ»។ ការលើកឡើងដោយលោក ចូ បៃដិន នេះ បានកើតមានឡើងបន្ទាប់ពីពេលមុននេះ លោកបានស្នើឲ្យសម្ព័ន្ធមិត្តនានារបស់អាមេរិក ត្រូវ ចេះបែងចែកអំពីរបៀបបញ្ចេញប្រតិកម្ម ទៅលើការញុះញង់បន្តិចបន្តួច។

លោក បៃដិន បានថ្លែងបន្ថែមទៀតថា លោកក៏បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ប្រាប់លោក ពូទីន អំពីចំណាត់ការតបត និងទណ្ឌកម្មសេដ្ឋកិច្ច ដែលទីក្រុងម៉ូស្គូនឹងត្រូវប្រឈមមុខផងដែរ ហើយបើ រុស្ស៊ីជ្រើសរើសយក ការឈ្លានពានអ៊ុយក្រែនមែននោះ វាពិតជាគ្មានមន្ទិលសង្ស័យឡើយថា «រុស្ស៊ី នឹងត្រូវបង់នូវតម្លៃយ៉ាងធំធេង»៕