(ប៉េកាំង)៖ យោងតាមកាសែត Global Times របស់ចិន អោយដឹងថា ជើងហោះហើររវាង ប្រទេសចិន និងសហរដ្ឋអាមេរិក ស្ថិតក្នុងហានិភ័យនៃការផ្អាកនៅ ខែក្រោយនេះ ខណៈដែលនិយ័ត ករចិនបានបន្តលុបចោលជើងហោះរហើរ ចូលក្នុងប្រទេសដោយសារករណីឆ្លងជំងឺកូវីដ-១៩។ នៅថ្ងៃសប្តាហ៍នេះ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) ដែលជានិយ័តករអាកាសចរណ៍ ស៊ីវិលចិន បានប្រកាសពីការផ្អាកជើងហោះហើរចូលក្នុងប្រទេសចំនួន ៨ជើងបន្ថែមទៀតពីក្រុមហ៊ុន អាកាសចរណ៍អាមេរិកចំនួន៣។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលុបជើងហោះហើរចុងក្រោយបំផុតនេះ បាននាំឱ្យ ជើងហោះហើរដែលត្រូវបានផ្អាកសរុបមានចំនួនរហូតដល់ទៅ ៨៤ជើងនៅឆ្នាំនេះ។
កាសែត Global Times បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងមិន ត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការជើងហោះហើរចំនួន ៤ជើងពីទីក្រុង San Francisco ទៅកាន់ ទីក្រុង Shanghai ឡើយចាប់ពីថ្ងៃទី២៤ ខែមករាតទៅ ហើយក្រុមហ៊ុន Delta Air Lines នឹងត្រូវ លុបចោលជើងហោះហើរចំនួន ២ជើងពីទីក្រុង Seattle ទៅកាន់ទីក្រុង Shanghai ចាប់ពីសប្តាហ៍ នៃថ្ងៃទី៣១ ខែមករាតទៅ។ លើសពីនេះទៀត ក្រុមហ៊ុន American Airlines (AA) នឹងត្រូវបង្ខំចិត្ត ផ្អាកជើងហោះហើរចំនួន ២ជើងពីទីក្រុង Dallas ទៅកាន់ទីក្រុង Shanghai ចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ។
លោក Curtis Blessing អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ AA បានប្រាប់កាសែត Global Times ថា៖ «ខ្ញុំអាចអះអាងថា ក្រុមហ៊ុន AA បានលុបចោលជើងហោះហើរសរុបចំនួន ១០ជើង រវាងទីក្រុង Dallas/Fort-Worth និងទីក្រុង Shanghai»។
ក្រុមហ៊ុនអាកាសចរណ៍ទាំងបីរបស់អាមេរិកនេះ បានប្រឈមរួចហើយទៅនឹងការលុបចោលជើង ហោះហើរជាញឹកញាប់ក្នុងរយៈពេលពី ៤ ទៅ ៦សប្តាហ៍ ដោយសារការរកឃើញជំងឺកូវីដ-១៩នៅ លើអ្នកដំណើរ។ លទ្ធភាពក៏អាចកើតមានផងដែរថា ក្រុមហ៊ុនអាកាសចរទាំងនេះអាចកាន់តែ ប្រឈម នឹងការផ្អាកជើងហោះហើរទាំងស្រុកនៅខែកុម្ភៈ៕