(ព្រុចសែល)៖ តាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ បញ្ជាក់ថា កិច្ចចរចាកាលពីថ្ងៃពុធសប្ដាហ៍នេះរវាងអ្នកតំណាងមកពីអង្គការ NATO និង រុស្ស៊ី បានបិទបញ្ចប់ទៅដោយគ្មានលទ្ធផលជាដុំកំភួនអ្វីនោះទេ មានតែការ ព្រមានដាក់គ្នាទៅវិញ ទៅមក ជុំវិញភាពតានតឹងយោធានៅតំបន់ព្រំដែនអ៊ុយក្រែន។
កិច្ចចរចាដែលសម្របសម្រួលដោយប្រធានអង្គការ NATO លោក ជែនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) ខាងលើនេះបានកើតមានឡើងនៅអំលុងពេល ១សប្តាហ៍ នៃការជំរុញល្បឿនដោះ ស្រាយបញ្ហានានាតាមរយៈការទូត រៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់នូវអ្វីដែល មហាអំណាចលោកលិចនេះជឿជាក់ថារុស្ស៊ី កំពុងតែត្រៀមកម្លាំង នៅក្នុងការឈ្លានពានប្រទេស អ៊ុយក្រែន។ បើតាមលោក Stoltenberg ការខ្វែងគំនិតគ្នារវាងភាគីទាំង២ នឹងមិនងាយស្រួល ក្នុងការដោះស្រាយនោះទេ។
តែជាការឆ្លើយតប ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក, អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Alexander Fomin បានអះអាងថាអង្គការ NATO មិនបានអើពើចំពោះ សំណើស្ដីពីការធានា សន្តិសុខរបស់រុស្ស៊ីនោះទេ ដែលនេះអាចនឹងបង្កឱ្យមានហានិភ័យ ឬជម្លោះនៅពេលអនាគត៕