តាមរយៈសារសំឡេងមួយ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធររាជធានីខេត្ត និងតាមមូលដ្ឋាននានា ពន្លឿនការចាក់ វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ដែលកំពុងចាប់ផ្តើមរាតត្បាតក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ក្នុងស្ថានការណ៍បែបនេះ ត្រូវតែយកចិត្តទុកដាក់ ទៅលើវិធានការពារឱ្យបានខ្លាំងក្លាបំផុត នោះគឺការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីធានាថា សហគមន៍របស់យើងមានភាពរឹងមាំ ជាមួយគ្នានេះខ្ញុំបានចេញបទបញ្ជា ហើយជំរុញល្បឿន នៃការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋរបស់យើង»។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ចំនួន៣៤ករណី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ដោយក្នុងនោះមាន ២៤ករណីជាករណីនាំចូល និង១០ករណីជាករណីឆ្លងនៅក្នុងសហគមន៍។
ជាមួយនឹងការជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ ក្នុងការប្រមូលប្រជាពលរដ្ឋមក ចាក់វ៉ាក់សាំងដូសជំរុញនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លក្ខខណ្ឌដែលត្រូវ ទទួលបានដូសទី៣នេះ ត្រូវបានកំណត់របស់ក្រសួងសុខាភិបាល គឺមានរយៈពេល៤ខែ បន្ទាប់ពី ទទួលដូសទី២ ដោយសម្តេចបានគូសបញ្ជាក់ថា បើការចាក់ដូសទី២ មិនទាន់បានគ្រប់៤ខែទេ គឺក្រសួងសុខាភិបាល ឬគ្រូពេទ្យ មិនអនុញ្ញាតឱ្យចាក់នោះទេ ព្រោះមិនធានានូវសុវត្ថិភាព។
បើតាមសម្តេចតេជោ, រហូតមកដល់ពេលនេះការចាក់ដូសជំរុញនៅកម្ពុជា មានចំនួនប្រមាណជិត៤ លាននាក់ប៉ុណ្ណោះ នៅសល់ប្រមាណ១០លាននាក់ទៀត មិនទាន់ចាក់នៅឡើយ។ សម្តេចបានបន្តក្រើនរំលឹកដល់អភិបាលរាជធានីខេត្ត និងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ត្រូវខិតខំ ដើម្បីបំផុសឱ្យប្រជាពលរដ្ឋទទួលវ៉ាក់សាំងដូសជំរុញនេះឱ្យខាងតែបាន ដើម្បីធានាថា ប្រទេស កម្ពុជានៅតែបើកដំណើរការទោះបីជាមានការចាប់ផ្តើមមានវត្តមានមេរោគកូវីដ១៩ «អូមីក្រុង» ដែលរហូតមកដល់ពេលនេះមាន១៤ករណី ត្រូវបានរកឃើញឆ្លងចេញពីសហគមន៍ក៏ដោយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧,០២៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕