(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លើបញ្ហាធំៗមួយចំនួនដែលជាផល ប្រយោជន៍រួម។ នេះបើតាមការផ្សព្វផ្សាយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន នៅលើ បណ្តាញសង្គមហ្វេសបុក។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាកោតសរសើរចំពោះការរួមចំណែកយ៉ាង សកម្មរបស់ឥណ្ឌាដល់តំបន់មេគង្គ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ឥណ្ឌានឹងយកឈ្នះលើការ ឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។
ឯកឧត្តម បានបន្តថា «ក្នុងនាមជាប្រទេសជិតខាង ជាមួយមីយ៉ាន់ម៉ា ឥណ្ឌាកំពុងតាមដានស្ថាន ការណ៍នៅទីនោះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងវាយតម្លៃខ្ពស់ដល់តួនាទីដ៏សំខាន់របស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។ ខ្ញុំក៏បានឆ្លៀតឱកាសនេះដើម្បីជម្រាបជូនឯកឧត្តម អំពីលទ្ធ ផលវិជ្ជមានក្រោយពីដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន»។
សូមបញ្ជាក់ថា នៅឆ្នាំនេះ ក៏ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឥណ្ឌា ផងដែរ៕