(អាល់ម៉ាធី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌ មាន AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២អោយដឹងថា កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយរុស្ស៊ីបានអះអាងថា ខ្លួននឹង បញ្ជូនកងកម្លាំងរក្សា សន្តិភាពទៅកាន់កាហ្សាក់ស្ថាន ដើម្បីរក្សាឲ្យបាននូវស្ថិរភាព និងបានស្តី បន្ទោសក្រុមបាតុករ ដែលបាននិងកំពុងធ្វើឲ្យប្រទេស ធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀត មួយនេះ ធ្លាក់ចូលក្នុងភាព ចលាចល ដោយសារតែការលូកដៃពីបរទេស។
ប្រទេសកាហ្សាក់ស្ថានដែលស្ថិតនៅតំបន់អាស៊ីកណ្តាល ជាច្រើនឆ្នាំមកនេះត្រូវបានគេមើលឃើញ ថា ជាប្រទេសអតីតសហភាពសូវៀត ដែលមានភាពស្ងប់សុខបំផុតមួយ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការមិនចុះសម្រុងគ្នាបានឈានដល់ថ្នាក់ផ្ទុះការតវ៉ា និងអំពើ ហិង្សា ដោយសារតែបញ្ហាសាំងឡើងថ្លៃ។
ក្រុមបាតុករបានចេញមកតវ៉ាតាមដងផ្លូវ នៅក្នុងទីក្រុង និងចូលលុកលុយអគាររដ្ឋាភិបាលកាហ្សាក់ ស្ថាន ព្រមទាំងបានដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើនផងដែរ។ ខណៈដែលប្រទេសរុស្ស៊ី បានចោទថា បាតុករបានចេញមកតវ៉ាដោយកំហឹងបែបនេះ ព្រោះតែមាន ការដុតបញ្ឆេះពីបរទេសនោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅថ្ងៃពុធ សប្តាហ៍នេះ ឲ្យគ្រប់ភាគីទាំងអស់រក្សាការអត់ធ្មត់ និងងាកមកដោះស្រាយបញ្ហាជាមួយគ្នាដោយ សន្តិវិធី៕