(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាននៃក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ២០២២ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ចូលរួមបើកវេទិកាថ្នាក់ ដឹកនាំធុរកិច្ចនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) តាមប្រព័ន្ធ អនឡាញ។ វេទិកានេះសហរៀបចំដោយ ក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្មអន្តរជាតិនៃប្រទេសចិន រដ្ឋបាលតំបន់ស្វយ័ត Guangxi Zhuang ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងសភាពាណិជ្ជក ម្មកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ ធុរជន អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធពីប្រទេសដែលជា សមាជិកនៃ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។
វេទិកានេះ ប្រព្រឹត្តឡើងដើម្បីស្វាគមន៍ការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ កាលពីថ្ងៃទី ០១ មករា ឆ្នាំ២០២២ កន្លងទៅ និងដើម្បីចាប់យកកាលានុវត្ត ភាពដ៏ធំធេងខាងពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតបំន់ ដែលបានមកពីកិច្ចព្រមព្រៀងភាពជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
លើសពីនេះទៅទៀត វេទិកានេះមានគោលបំណងជួយដល់សហគ្រាស ស្វែងយល់ឲ្យបានពេញ លេញពីច្បាប់ និងគោលនយោបាយពាក់ព័ន្ធ លើកកម្ពស់សមាហរណកម្មឧស្សាហកម្ម ការផ្គត់ផ្គង់ និងខ្សែច្រវាក់ផលិតកម្មនៅក្នុងតំបន់ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងចំណោមប្រទេសសមាជិក ទាំង ១៥។ ក្នុងឱកាសនៃវេទិកានេះ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចនៃប្រទេស សមាជិក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយទៅជាក្បាលម៉ាស៊ីន នៃសេដ្ឋកិច្ចសាកល និងដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ប្រកបដោយចីរភាព និងបរិយាបន្ន។
អ្នកឧកញ៉ាប្រធាន ក៏បានសង្កត់ធ្ងន់ពីតួនាទីរបស់សហគមន៍ធុរកិច្ច ដែលត្រូវពិភាក្សាអំពីសារៈ សំខាន់ និង អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ទៅលើ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់៕