សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី កើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍នៅឆ្នាំ២០២១


(សិង្ហបុរី)៖ សេដ្ឋកិច្ចរបស់សិង្ហបុរីបានកើនឡើក្នុងអត្រាខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍នៅឆ្នាំ២០២១ខណៈដែលប្រទេសនេះបានងើបចេញពីការដើរថយក្រោយនៃសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនដែលបង្កឡើងដោយការប៉ះពាល់យ៉ាងខ្លាំងលើសកម្មភាពសេដ្ឋកិច្ចដោយសារការរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យបឋមដែលបានចេញផ្សាយនៅថ្ងៃចន្ទថា សេដ្ឋកិច្ចរបស់បុរីរដ្ឋមួយនេះបានកើនឡើង ៧,២ភាគរយនៅឆ្នាំ២០២១ ដែលដូចគ្នាទៅនឹង ការព្យាករផ្លូវការរបស់រដ្ឋាភិបាលសិង្ហបុរី និងជាការស្ទុះងើបឡើងវិញពីការធ្លាក់ចុះ ៥,៤ភាគរយនៅ ឆ្នាំ២០២០។ប្រទេសសិង្ហបុរីដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងដឹកជញ្ជូនដ៏ធំមួយក្នុងពិភពលោក ហើយជាញឹក ញាប់ត្រូវបានគេមើលឃើញថាជាប្រទេសនាំមុខក្នុងកំណើនសេដ្ឋកិច្ចពិភពលោក សម្រេចបានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏ល្អខណៈដែលរដ្ឋាភិបាលនានានៅជុំវិញពិភពលោកបានផ្លាស់ប្តូរយុទ្ធសាស្រ្តកូវីដរបស់ខ្លួនដោយងាកចេញពីគោលនយោបាយគ្មានជំងឺកូវីដឆ្ពោះទៅរកការរស់នៅជាមួយការរាតត្បាតរបស់ជំងឺនេះវិញ។

កំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នេះរបស់សិង្ហបុរីគឺជាកំណើនខ្ពស់បំផុតគិតចាប់តាំង ពីប្រទេសនេះសម្រេចបានកំណើន ១៤,៥ភាគរយនៅឆ្នាំ២០១០ ជាពេលដែលសេដ្ឋកិច្ចបានងើប ចេញពីវិបត្តិហិរញ្ញវត្ថុពិភពលោក។

លោក Jeff Ng អ្នកវិភាគប្រចាំក្រុមហ៊ុន MUFG បានថ្លែងថា៖ «ខ្ញុំរំពឹងថានឹងមានកំណើនសេដ្ឋកិច្ច ដ៏ល្អមួយ។ ខណៈដែលសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមមានភាពប្រសើរឡើងវិញ ខ្ញុំគិតថា ភាពប្រ សើរឡើងនេះក៏នឹងជួយគាំទ្រដល់ស្ថានភាពតម្រូវការខាងក្រៅជារួមផងដែរសម្រាប់សិង្ហបុរី។ ការគំរាមកំហែងចម្បងបន្តនៅតែជាអតិផរណាដដែល»។

រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងនាពេលកន្លងមកថា រដ្ឋាភិបាលរំពឹងថានឹងសម្រេចបានកំណើនផលិត ផលក្នុងស្រុកសរុបចន្លោះពី ៣ ទៅ ៥ភាករយនៅឆ្នាំ២០២២នេះ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ផលិតផលក្នុង ស្រុកសរុបរបស់សិង្ហបុរីបានកើនឡើង ៥,៩ភាគរយនៅត្រីមាសទី៤ ឆ្នាំ២០២១នេះ ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ២០២០ដែលខ្ពស់ជាងការព្យាករក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលក្រុមអ្នកវិភាគថាមានតែ ៥,៤ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕