ចិនថាការចាប់ខ្លួនអ្នកសារព័ត៌មាន Stand News ក្នុងទីក្រុងហុងកុង គឺជារឿងស្របច្បាប់


 (សៀងហៃ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់អោយដឹងថា អ្នកនាំពាក្យម្នាក់នៃស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស បាន និយាយថាប្រតិបត្តិការចុះឆែកឆេររបស់ប៉ូលិសហុងកុង លើទីស្នាក់ការសារព័ត៌មាន Stand News ក្នុងសប្ដាហ៍នេះគឺជារឿងស្របច្បាប់ និងមិនគួរទទួលរងការរិះគន់ទាល់តែសោះ។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យស្ថានទូត ចិន បានបញ្ជាក់ដូច្នេះថា «សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនហុងកុង រួមទាំងសេរីភាពបញ្ចេញ មតិ និងសេរីភាពសារព័ត៌មាន ត្រូវបានការពារដោយច្បាប់។ ភាគីចិនជាថ្មីម្ដងទៀត ជំរុញឱ្យចក្រភព អង់គ្លេស កែតម្រូវកំហុសរបស់ខ្លួន និងបញ្ឈប់ ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងដែល ជាកិច្ចការផ្ទៃក្នុងរបស់ចិន»

សូមជម្រាបថា ប្រតិកម្មខាងលើពីសំណាក់ស្ថានទូតចិន ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ទទួលបន្ទុក កិច្ចការអាស៊ីនៃចក្រភពអង់គ្លេស លោកស្រី Amanda Milling បានបង្ហោះ សារមួយនៅលើ Twitter ថាការចាប់ខ្លួនអ្នកសារព័ត៌មាន Stand News គឺជាសកម្មភាពបំផ្លាញសេរីភាពបញ្ចេញមតិនៅ ក្នុងទីក្រុងហុងកុង។ ប៉ួលិសហុងកុងមានគ្នាជាង ២០០នាក់ នៅថ្ងៃពុធសប្ដាហ៍នេះ បានវាយឆ្មក់ចុះ ឆែកឆេរទីស្នាក់ការនៃសារព័ត៌មាន Stand News ដោយបង្កកទ្រព្យសម្បត្តិ និងបានចាប់ខ្លួនមនុស្ស ៧នាក់ ក្នុងនោះមាន ទាំងអតីត និងបុគ្គលិកបច្ចុប្បន្ន រួមទាំងនិពន្ធនាយកជាន់ខ្ពស់២នាក់ នៃសារ ព័ត៌មានអនឡាញមួយនេះ។

បន្ថែមពីលើនេះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ អតីតនិពន្ធនាយកជាន់ខ្ពស់២នាក់ នៃសារ ព័ត៌មាន Stand News ត្រូវបានចោទប្រកាន់ពីបទសមគំនិតចេញផ្សាយ អត្ថបទព័ត៌មានដែលមា នលក្ខណៈបង្កឱ្យមានការបះបោរ៕