(ហុងកុង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បញ្ជាក់ថាប៉ូលិស ហុងកុង នៅព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចាប់ខ្លួនបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក ជាន់ខ្ពស់ចំនួន ០៦នាក់ មកពីកាសែតអនឡាញមួយ ក្រោមបទសង្ស័យថាបានសមគំនិតក្នុងការ បោះពុម្ពផ្សាយព័ត៌មានបំផុសបំផុល។
បើតាមទូរទស្សន៍ហុងកុង TVB ជនសង្ស័យទាំង ០៦នាក់ខាងលើគឺជាបុគ្គលិកមកពីគេហទំព័រ សារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ Stand News។ ប៉ូលិសបានឱ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ពួកគេបានចាប់ខ្លួនបុរស ០៣នាក់ និងស្រី្ត ០៣នាក់ដែលមានអាយុចន្លោះពី ៣៤ឆ្នាំទៅ ៧៣ឆ្នាំក្រោមបទសង្ស័យថាបានសមគំនិត ក្នុងការបោះពុម្ពផ្សាយព័ត៌មានបំផុសបំផុល ញុះញង់ប្រឆាំងរដ្ឋអំណាច ហើយការឆែកឆេរផ្ទះរបស់ពួកគេកំពុងតែដំណើរការ។
ដោយឡែក បើតាម Stand News ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន គឺលោក Ronson Chan ដែលជានិពន្ធនាយករងរបស់ខ្លួន និងជាប្រធានសមាគមអ្នកកាសែតហុងកុងផងដែរ។
សូមជម្រាបថា កាលពីខែមិថុនា ប៉ូលិសរាប់រយនាក់ បានឆ្មក់ចូលបរិវេណស្ថាប័នកាសែតគាំទ្រលទ្ធិ ប្រជាធិបតេយ្យ Apple Daily ដោយបានចាប់ខ្លួននាយកប្រតិបត្តិរបស់ ស្ថាប័ននេះ ក្រោមបទចោទ ប្រកាន់ថាបាន «គប់គិតជាមួយកងកម្លាំងបរទេស» ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ បន្ទាប់មក ស្ថាប័នកាសែតនោះ ត្រូវបានបិទទ្វារជាបន្តបន្ទាប់៕