(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ បានផ្តល់អំណោយដល់ចាស់ជរាចំនួន៣០គ្រួសារនៅ ឃុំកំពង់ស្វាយ ស្រុក កំពង់ស្វាយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
ជាមួយគ្នានេះ លោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ និងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់បងប្អូនប្រជា ពលរដ្ឋជួបការលំបាក។
លោកជំទាវ បានលើកឡើងថា ការផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ថ្ងៃនេះ មិនបានបែងចែក វណ្ណៈ ពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដ ជាក់ស្តែង ទោះបីការផ្តល់ ជាអំណោយមនុស្សធម៌ថ្ងៃនេះ មានតិចតួចមិនបានជួយដល់ពលរដ្ឋយូរ អង្វែងក៏ដោយ ប៉ុន្តែវាអាចជួយដោះស្រាយពលរដ្ឋនៅពេលលំបាកបានមួយគ្រាដែរ។
លោកជំទាវបានផ្តាំផ្ញើដល់លោកយាយលោកតាសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើផ្នែកអនាម័យ ដូចការបរិភោគសាច់ឆៅ បន្លែឆៅ ទឹកឆៅដែលបណ្តាលឱ្យមានការរាគរុះបង្កជាជំងឺឆ្លងផ្សេងៗ ធ្វើឱ្យប៉ះពាលដល់សុខភាព ដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត ស្របពេលសកលលោក ក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិនូវការរាតត្បាតជំងឺកូវីដ១៩ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង។
លោកជំទាវ បានក្រើនរំលឹកដល់មន្ដ្រីក្រោមឱវាទ និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្ដបង្កើនការប្រុង ប្រយ័ត្ន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជា វិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និងការពារ» ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ។
បន្ថែមពីនេះទៀតលោកជំទាវ ឃួន ឃុនឌី បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតនៅពេលមានបញ្ហា ដើម្បីជួយប្រជាពលរដ្ឋទាន់ពេលវាលាផង ដែរ។អំណោយដែលចែកជូននាពេលនោះក្នុង១គ្រួសារៗ រួមមាន៖ អង្ករ២០គីឡូក្រាម ត្រីខ១យួរ ភួយ១ ក្រមា១ ថវិកា ៣ម៉ឺនរៀល និងបានផ្តល់ជូនដល់អាជ្ញាធរនូវថវិកាមួយចំនួនផងដែរ៕