ផ្លែមៀនរបស់កម្ពុជាកាន់តែខិតជិតក្នុងការនាំចេញដោយផ្ទាល់ទៅទីផ្សារចិន ខណៈការចុះវាយតម្លៃ ហានីភ័យ ធ្វើឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២២


 (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែល ទទួល បាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ គឺផ្លែមៀនរបស់កម្ពុជាកាន់តែខិតជិត ក្នុងការនាំចេញទៅប្រទេស ចិន ដោយផ្ទាល់ជាលើកដំ បូង ខណៈការចុះវាយតម្លៃហានីភ័យ នឹងធ្វើឡើងនៅសប្តាហ៍ទី១ នៃ ខែមករា ឆ្នាំ២០២២។  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការ ចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ដំណាក់កាល វាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ។ ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿន ឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្តង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញ លេញដែលទាមទារឱ្យម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អនិងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្តង់ដារកំណត់ឱ្យបានគ្រប់គ្រាន់។

ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមអនុវត្តដំណើរការ វាយតម្លៃវិភាគហានិភ័យលើមៀនប៉ៃលិនពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ ពីតំណាងស្ថានទូតនៃសាធា រណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាផងដែរ។ ដំណើរការវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោងនឹងប្រព្រឹត្តនៅក្នុងសប្តាហ៍ទី១ នៃខែ មករា ឆ្នាំ២០២២ ខាងមុខនេះ ដោយធ្វើការជ្រើសរើសសម្រិតសម្រាំងយកចម្ការមួយ​ចំនួនជា តំណាង និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលបច្ចុប្បន្ននេះមានរោងចក្រតែមួយបាន សាង់សង់រួច មានទីតាំងនៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃបញ្ចប់ដំណាក់កាល វិភាគហានិភ័យ មុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស។

ក្នុងបរិការណ៍នេះ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចម្ការ សហគម ន៍កសិកម្ម មៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ត្រៀមលក្ខណៈជា ស្រេចចូលរួមសហការជាមួយមន្ត្រី អគ្គនាយកដ្ឋានកសិកម្ម ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគ ហានិភ័យពីចម្ងាយនេះ ទទួលបានលទ្ធផលល្អនិងជោគជ័យ តាមផែនការគ្រោងទុក។ ទន្ទឹមនឹងនេះ ក្រសួងអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ចាប់ផ្តើមរួសរាន់ ដាក់ពាក្យស្នើសុំចុះបញ្ជីដើម្បីស្នើសុំនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការនេះ សាធារណជនទាំងអស់ អាចទាក់ទងទៅអគ្គនាយ កដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអង្គភាពជំនាញមានសមត្ថកិច្ច ជាតិទទួលបន្ទុកលើការងារពាក់ព័ន្ធនឹងការចរចាបើកទីផ្សារកសិផល (រុក្ខជាតិ និងផលិតផល រុក្ខជាតិ) ទៅកាន់ប្រទេសនានារួមទាំងប្រទេសចិនផងដែរ តាមរយៈទូរសព្ទលេខ០១២ ៣២៥ ៥៥៨ និង០១២ ៥៣៣ ៦៤៧៕