ក្រសួងរៀបចំដែនដី និងអភិបាលខេត្តពោធិ៍សាត់ ប្រជុំត្រួតពិនិត្យលទ្ធផលការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិច, ផ្ទៃដីជាង៥ពាន់ហិកតា ត្រូវបានទន្ទ្រាន


 (ពោធិ៍សាត់)៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេច បាន របស់ក្រុមការងារ និងអនុក្រុមការងារ ក្នុងការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ទាំង៣ និងអាជ្ញាមូលដ្ឋានដែលជាប់នឹងផ្ទៃទឹកបឹងទន្លេសាបជាច្រើនរូបទៀត។

អង្គប្រជុំបានពិភាក្សា និងឯកភាព បន្តសំអាតទិន្នន័យ និងព័ត៌មានដែលបានចុះពិនិត្យជាក់ស្តែង កន្លងមក, ធ្វើការបញ្ជាន់និន្នន័យដែលបានចុះពិនិត្យជាក់ស្តែង ធៀបទៅនឹងផែនទីរបស់អាជ្ញាធរ ទន្លេសាប ដោយអាជ្ញាធរទន្លេសាបនឹងរៀបចំផ្តល់ជូន ជាមួយនឹងក្រុមការងារជំនាញ មកធ្វើការជា មួយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត, ក្រុមការងារតាមស្រុកគោលដៅ រៀបចំផែនការ និងចាត់ចែ ដាំគ្រាប់ត្នោត តាមស្រុកគោលដៅទាំង៣, មន្ទីរ ដ.ន.ស.ស ខេត្ត ត្រៀមជាស្រេច ដើម្បីចុះបញ្ជីដីព្រៃ លិចទឹក តំបន់៣ របស់រដ្ឋ, មន្ទីរ ដ.ន.ស.ស ខេត្ត បន្តបង្ហោះដ្រូនតាមស្រុកគោលដៅទាំង៣ និងមន្ទីរធនធានទឹកបន្តដាំបង្គោលព្រំតំបន់៣។

សូមបញ្ជាក់ថា ផ្ទៃដីដែនព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន នៃខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងារអន្តរក្រសួង និងអនុក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាប ធ្វើការសម្រង់ និងស្រាវ ជ្រាវជាបឋម (ជំហាន១) ដោយរកឃើញអ្នកទន្ទ្រានដីរដ្ឋចំនួន១៩២១គ្រួសារ លើ៦៧ទីតាំង ក្នុង ភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើនឹងផ្ទៃដីប្រមាណ៤៤៣៤,០៧ហិកតា។

គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ការធ្វើបច្ចុប្បន្នភាពសម្រង់ ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ ជាក់ស្តែង (ជំហាន២) ក្រុមការងារបានចុះវាស់វែង រៀបចំផែនទីក្បាលដី និងបញ្ជីឈ្មោះប្រជាពល រដ្ឋអាស្រ័យផល ក្នុងតំបន់៣ មានចំនួន៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើផ្ទៃដីប្រមាណ ៥០៦៨ហិកតា ស្មើនឹង១៩៦០ក្បាលដី ពាក់ព័ន្ធនឹង១៧២២គ្រួសារ ស្ថិតក្នុងស្រុកគោលដីទាំង៣ ក្នុងនោះមុនឆ្នាំ២០១២ មានទំហំ៣៥៥០ហិកតា ស្មើនឹង១៤៨៩ក្បាលដី ពាក់ព័ន្ធនឹង១២៦១ គ្រួសារ និងក្រោយឆ្នាំ២០១២ មានទំហំ១៥១៩ហិកតា ស្មើនឹង៤៨០ក្បាលដី ពាក់ព័ន្ធនឹង៤៦១ គ្រួសារ៕