(ភ្នំពេញ)៖ នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងបញ្ជាក់ ថា ក្រោយពីមានការរឹតបន្តឹងនូវច្បាប់ចររាចរណ៍ផ្លូវគោក ដើម្បីចូលរួមចំណែកកាត់បន្ថយបាននូវចំនួនគ្រោះថ្នាក់ចរាចរណ៍ អ្នករបួស និងអ្នក ស្លាប់ ដោយ សារគ្រោះថ្នាក់ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៦២នាក់ និងអ្នករបួសថយចុះ ១ ១២០នាក់ បើធៀបនឹង ១១ខែ ឆ្នាំ២០២០។
នាយឧត្តមសេនីយ ហ៊ឹម យ៉ាន បានថ្លែងដូចនេះ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាស តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ អញ្ជើញជា អធិបតីក្នុងពិធីសម្ពោធខ្សែភាពយន្តអប់រំរឿងខ្លី ស្តីពីសុវត្ថិភាពចរាចរណ៍ ដែលបានធ្វើឡើងនៅ សណ្ឋាគាររ៉េស៊ីដង់ សុខា ដោយមានការចូលរួមពី ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួង ពត៌មាន, ឯកឧត្តម ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក អេង គឹមហៃ ប្រធានសមាគម សហភាពយន្តនៃកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នាយឧត្តមសេនីយ ហ៊ឹម យ៉ានបានថ្លែងដូចនេះថា «រយៈពេល១១ ខែឆ្នាំ២០២១ ធៀបនឹងរយៈ ពេលដូចនេះគ្នា ក្នុងឆ្នាំ២០២០ យើងបានបន្តធ្វើឱ្យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសថយចុះថែមទៀត គ្រោះថ្នាក់ថយចំនួន៥៣៣លើក ថយចំនួនអ្នក ស្លាប់១៦២នាក់ និងថយចំនួនអ្នករបួសចំនួន ១១២០នាក់»។
នាយឧត្តមសេនីយ បានបន្ថែមថា សមិទ្ធផលដែលទទួលបាននេះ គឺបានមកពីការការរួមសហការ របស់ក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងព័ត៌មាន កងរាជអាវុធហត្ថ ព្រមទាំង ការចូលរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងសិល្បករ សីល្បការិនី សង្គមស៊ីវិល បណ្តាញផ្សព្វ ផ្សាយនានា និងប្រជាពលរដ្ឋដែលបាន ចូលរួមគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការ ចំណត់ យកការរឹតបន្តឹងច្បាប់ ស្តីពីចររាចរណ៍ផ្លូវគោកជាវិធានការអទិភាព ដែលបានទទួលលទ្ធផល ល្អជា ផ្លែផ្កា។ បន្ថែមពីនេះនាយឧត្តមសេនីយ ហ៊ឹម បានបញ្ជាក់ទៀត នៅត្រីមាសទី៤ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍បានកើនខ្ពស់ឡើងវិញ ដោយនៅថ្ងៃខ្លះមានអ្នកស្លាប់ រហូតដល់ ១២នាក់ស្លាប់ ជាក្រុម ស្លាប់ជាគ្រួសារបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ។ លោកថា ៣ត្រីមាសឆ្នាំ ២០២១ ជាមធ្យមស្លាប់មួយថ្ងៃ៤នាក់ ដោយឡែកត្រីមាសទី៤នេះ ពលរដ្ឋស្លាប់ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ជាមធ្យមមួយថ្ងៃ៥នាក់ ហើយគ្រោះថ្នាក់នេះនឹងមិន អាចថមថយបានទេ បើសិនមិន មាន ផែនការច្បាស់លាស់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់នេះ។
នាយឧត្តមសេនីយ បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចររាចរណ៍ផ្លូវគោក ជាបញ្ហាប្រឈមយូរអង្វែង ដែលទាមទារឱ្យប្រើប្រាស់វិធានការសរុប សម្លាំងសរុប មធ្យោបាយសរុប ដើម្បីរួមគ្នាដោះស្រាយ វិបត្តិនេះ ហើយការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចររាចរណ៍ផ្លូវគោក គឺជាវិធានការដ៏សំខាន់មួយ ក្នុង ចំណោមវិធានការដ៏សំខាន់ៗនានានៃវិស័យ សុវត្ថិភាពចររាចរណ៍ផ្លូវគោក ក្នុងអគ្គស្នងការនគរ បាលជាតិ បានចូលរួមយ៉ាងសកម្មក្នុងការវិធានការទាំងនេះនៅគ្រប់កាលៈទេសៈជាពិសេស ខិត ខំអប់រំផ្សព្វផ្សាយបង្ការ គ្រោះថ្នាក់ចរាចរណ៍តាមរយៈវិធីសាស្ត្រជាច្រើនរូបភាពផងដែរ៕