(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះ ឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់ តែរីកចម្រើនជឿនលឿនទៅមុខ។
តាមរយៈសារនៅលើបណ្តាញសង្គម Facebook ដើម្បីអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិ មនុស្សអន្តរជាតិ «១០ធ្នូ» សម្តេចតេជោ ហ៊ុន សែន បានរៀបរាបថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ គឺជាខួបលើកទី៧៣នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២១។ បើនិយាយពីរឿងសិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជា ពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិ ពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។
សម្តេចបានបន្តថា របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបាន បង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលអោយប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។
សម្តេចលើកឡើងថា៖ «សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះ យកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និង ប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញ ចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ»។
សម្តេចបានជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»៕