គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នៅ ម៉ិចស៉ីកូ ផ្តាច់ជីវិតមនុស្សជិត ៥០នាក់


 (ម៉ិចស៉ីកូស៉ីធី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១អោយដឹងថា មនុស្សយ៉ាងហោច៤៩នាក់ ដែលភាគច្រើនជាជនចំណាកស្រុកមកពី តំបន់អាមេ រិកកណ្តាល បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតមួយ នៅរដ្ឋឈៀ ប៉ាស់ (Chiapas) ភាគខាងត្បូងប្រទេសម៉ិចស៉ីកូ។

អាជ្ញាធរម៉ិចស៉ីកូបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ឧបទ្ទវហេតុខាងលើបានកើតឡើង នៅ ពេលដែលរថយន្តកុងតឺណឺធំមួយគ្រឿង បានក្រឡាប់លើដងផ្លូវកោងដ៏គ្រោះថ្នាក់មួយ នៅឯជាយ ទីក្រុងធូសត្លា ហ្គូតឺរែស (Tuxtla Gutierrez)។ ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺរួមមានទាំង បុរស ស្រ្តី និងកុមារ។ មនុស្ស៥៨នាក់ទៀត ក៏បានទទួលរងរបួស ក្នុងគ្រោះថ្នាក់ចរចារណ៍នោះផង ដែរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ។

សូមបញ្ជាក់ថា ជាទូទៅ ជនចំណាកស្រុក ដែលព្យាយាមភៀសខ្លួនពីភាពក្រីក្រតោកយ៉ាក និងអំ ពើហិង្សា នៅក្នុងតំបន់អាមេរិកកណ្តាល តែងតែធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិចស៉ីកូ ដើម្បីឆ្ពោះទៅ កាន់សហរដ្ឋអាមេរិក ហើយពេលខ្លះពួកគេសុខចិត្តប្រជ្រៀតគ្នា នៅក្នុងរថយន្តដឹកទំនិញធំៗ ដែល រៀបចំដោយក្រុមអ្នកលួចឆ្លងដែនមនុស្ស ទោះត្រូវប្រឈមស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងក៏ដោយ៕