ជំនួយវ៉ាក់សាំង៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំង៣គ្រឿងរបស់កម្ពុជា ត្រូវប្រគល់ជូនរដ្ឋាភិបាល ឡាវ នៅថ្ងៃសុក្រនេះ


 (ភ្នំពេញ)៖  លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែល បានបញ្ជាក់ប្រាប់នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះម្សិលមិញអោយដឹងថា ជំនួយវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ដែលជាទឹកចិត្តសប្បុរសរបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវប្រគល់ដល់រដ្ឋាភិបាល ឡាវ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកជំទាវ ឱ វណ្ណឌីន បានបន្តថា ពិធីប្រគល់ជំនួយទាំងនេះ គឺធ្វើឡើងនៅព្រំដែនកម្ពុជា-ឡាវ ត្រង់ចំណុចព្រំប្រទល់រវាង ខេត្តស្ទឹងត្រែង-ខេត្តចម្ប៉ាស័ក ដោយភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល អមដោយលោកជំទាវ រដ្ឋលេខាធិការ ឱ វណ្ណឌីន ក្នុងនាមជាប្រធាន គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្នុងនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយថវិកាចំនួន១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺន ដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅ ក្នុង ប្រទេសមិត្តមួយនេះ។ ជំនួយថវិកាទាំង១៣លានដុល្លារនេះ មាន៣លានដុល្លារជារបស់រាជរដ្ឋា ភិបាលកម្ពុជា និង១០លានដុល្លារទៀតជារបស់ក្រុមហ៊ុនឯកជននៅកម្ពុជា។

ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ ជំនួយមនុស្សធម៌ជាម៉ាស់២លានម៉ាស់និងបរិក្ខារវេជ្ជសាស្ត្រចំនួន១១មុខផ្សេងទៀតជូនរដ្ឋាភិបាលឡាវ។ ម្យ៉ាងទៀត កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏បាន ផ្តល់ជំនួយវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕