(ប៉េកាំង)៖ ក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃពុធ បានកោះហៅឯកអគ្គរាជទូតជប៉ុន ប្រចាំនៅ ប្រទេសចិន ឲ្យមកចូលរួមកិច្ចប្រជុំយ៉ាងបន្ទាន់មួយ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានថ្លែងការពារកោះតៃវ៉ាន់ ដោយបើកចំហនៅក្នុងវេទិកាមួយ ដែលត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថាននយោបាយនៅតៃវ៉ាន់។
នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុនលោក ហ៊ិដេអុ តារូមិ (Hideo Tarumi) ឧបការីរដ្ឋមន្ត្រីការ បរទេសចិន លោកស្រី ហ្វ័រ ឈុនយីង (Hua Chunying) បានហៅការថ្លែងរបស់លោក អាបេ ស៊ីនហ្សូ ពាក់ព័ន្ធកោះតៃវ៉ាន់ខាងលើនេះថា ជាពាក្យសម្តី «ខុសឆ្គង» និងរំលោភលើបទដ្ឋានជាមូល ដ្ឋាន នៃទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុន។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ នៃក្រសួងការ បរទេសចិន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
កាលថ្ងៃពុធ ទី០១ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា លោក អាបេ ស៊ីនហ្សូ បានថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់វេទិកាថ្នាក់តំបន់មួយ រៀបចំឡើងដោយវិទ្យាស្ថាននយោ បាយរបស់តៃវ៉ាន់ថា ប្រជុំកោះសិនកាគុ (Senkaku) (ចិនហៅថា តៅយុ-Diaoyu) ស្ថិតនៅកៀក កោះតៃវ៉ាន់ ហើយក្នុងនោះដែនកោះ សាគិស៊ីម៉ា (Sakishima) និង យ៉ូណាហ្គូនិ (Yonaguni) មានចម្ងាយតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីដែនដីតៃវ៉ាន់។ លោក អាបេ បានសង្កត់ធ្ងន់ជុំវិញបញ្ហា នេះថា ការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់ ក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់ជប៉ុនផង ដែរ។ អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ថែមទាំងបានថ្លែងទៀតថា «គ្រាអាសន្នរបស់តៃវ៉ាន់ គឺជា គ្រាអាសន្នរបស់ជប៉ុន ហើយក៏ជាគ្រាអាសន្នសម្រាប់សម្ព័ន្ធភាពរវាង ជប៉ុន-អាមេរិក ផងដែរ។ ដូច្នេះប្រជាជននៅទីក្រុងប៉េកាំង ជាពិសេសលោកប្រធានាធិបតី ស៊ី ជិនពីង មិនគួរមានការយល់ ច្រឡំក្នុងបញ្ហានេះឡើយ»។
នៅចំពោះមុខឯកអគ្គរាជទូតជប៉ុន, លោកស្រី Hua Chunying តំណាងឲ្យក្រសួងការបរទេសចិន បានឆ្លើយតបទៅវិញថា «ការអត្ថាធិប្បាយរបស់លោក អាបេ បានប្រឆាំងដោយបើកចំហ ចំពោះអធិប តេយ្យភាពរបស់ប្រទេសចិន និងបានផ្តល់ការគាំទ្រយ៉ាងមុតមាំ ដល់កងកម្លាំងឯករាជ្យតៃវ៉ាន់។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះការលើកឡើងបែបនេះ»៕