ព្រះសីហនុ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំភ័យស្លន់ ស្លោរពេក ចំពោះមុខនៃមេរោគបំប្លែងថ្មីអូមីក្រុង ដែលមានប្រភពពីប្រទេសអាហ្វ្រិក។ សម្តេចតេជោបានស្នើឲ្យក្រសួងសុខាភិបាលពិចារណាក្នុងការបន្ធូរបន្ថយចំពោះអ្នកដំណើរមកពីអាហ្វ្រិក តែតម្រូវឲ្យមានការធ្វើតេស្តឲ្យបានច្បាស់លាស់។
ក្នុងពិធីសម្ពោធសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែធ្នូនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៏ថា ការភ័យស្លន់ស្លោរពេក នឹងធ្វើឲ្យ បាត់ម្ចាស់ការ និងមិនអាចដោះស្រាយបញ្ហាបាននោះទេ។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវ ឲ្យ ប្រជាពលរដ្ឋ កុំតក់ស្លុត និងស្លន់ស្លោរពេក ចំពោះមុខនៃមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងឆ្លង រាលដាលនៅប្រទេសអាហ្រ្វិក។ មេរោគបំប្លែងថ្មីអូមីក្រុង បានក្លាយជាព្រួយបារម្ភថ្មី នៅលើពិភព លោក ដោយសារវីរុសនេះ មានឥទ្ធិពលខ្លាំង និងឆ្លងលឿនរហ័ស។ ប្រទេសជាច្រើននៅលើពិភពលោក រួមទាំងកម្ពុជា បានសម្រេចបិទការធ្វើដំណើរចំពោះបណ្តា ប្រទេសអាហ្វ្រិកចំនួន១០ ដែលកំពុងផ្ទុះមេរោគបំប្លែងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាកូវីដ-១៩។
ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិចារណា ក្នុងការ បន្ធូរបន្ថយចំពោះអនុញ្ញាតឲ្យអ្នកដំណើរមកពីអាហ្វ្រិក អាចធ្វើដំណើរចូលមកកម្ពុជាបាន ប៉ុន្តែត្រូវ អនុវត្តការធ្វើតេស្តPCR ឲ្យបានម៉ត់ ចត់បំផុត។
សូមជម្រាបថា នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខា ភិបាល បានចេញសេចក្តីសម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមាន ប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍ មុនចូលមកកម្ពុជា ទាំងតាមផ្លូវ អាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លង ចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron)។ ប្រទេសចំនួន១០ នោះរួមមាន Botswana, Eswatini, Lesotho, Mozambique ,Namibia, South Africa, Zimbabwe , Malawi, Angola និង Zambia។ អង្គការសុខភាពពិភពលោកបានរាយការណ៍ ពីការរកឃើញវីរុស បំប្លែងថ្មី B.1.1. 529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទ បំប្លែងថ្មី៕